បាត់ដំបង៖ សមត្ថកិច្ចអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលើជនសង្ស័យម្នាក់ករណីគាស់តូបលក់ខោអាវនៅផ្សារត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយកសាងសំណុំរឿងបន្ថែមដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។
កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១០និង៥៤នាទី នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង យោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ០២ អ.យ ចុះថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ របស់ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការ នៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង បានបញ្ជាឱ្យ នាំខ្លួនជនសង្ស័យ ឈ្មោះ អឿត ពេក ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(គាស់តូបលក់ខោអាវ ) ប្រព្រឹត្តនៅចំណុច ផ្សារ ភ្ជាវ ឃុំត្រែង ស្រុករតនៈ មណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២០ជនសង្ស័យ បានធ្វេីសកម្មភាពគាស់សោរទ្វារតូបលក់ខោអាវនិងលួចយក ខោអាវរបស់ជនរងគ្រោះឈ្មោះ អ៊ុក ស្រីអូន ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង យកបានសម្ភារៈមាន៖ – ខោ ចំនួន ៣០០ ខោ – អាវចំនួន ៥០ អាវ – សរុបជាប្រាក់អស់ ប្រហែល ១៤,០០០,០០០ រៀល (ដប់បួនលានរៀល)។
ក្រោយកេីតហេតុសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញាបាននិងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី។
បច្ចុប្បន្ននេះការិយាល័យជំនាញកំពុងកសាងសំណុំរឿងបន្ថែមដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ