សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានលើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ផ្លូវថ្នល់មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានការកើនឡើង ដែលបញ្ហាទាំងអស់នេះ ត្រូវតែរួមគ្នាដោះស្រាយ ព្រោះមួយរយៈពេលកន្លងមកមាននិន្នាការស្លាប់ជាក្រុម ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថាន បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន ដោយបានបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ពិការភាព និងសោដនាកម្មជាច្រើនក្នុងសង្គមកម្ពុជា ។
នៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្នុងសាលប្រជុំធំ របស់រដ្ឋបាលខេត្តសៀមរាប មានការបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ មឹង មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ។
ក្នុងឱកាសនេះដែរ លោក ពិន ប្រាកដ អភិបាលរងមានប្រសាសន៍ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលកន្លងមកនេះ មាននិន្នាការកើនឡើងនៃការស្លាប់ជាក្រុម ដែលបង្កឡើងដោយសារការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថានបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស ឬរបួស ពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ។ លោកក៏បានបន្ថែមទៀតថាយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះជាសារក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមចំណែកក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ អោយកាន់តែមានអត្រាទាបជាងមុន និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវៈភាពបងប្អួនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរលោជំទាវ មឹង មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក៏បានឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ លោកជំទាវ ក៏បានសំណូមពរដល់អាជ្ញាធរដែនដីភូមិ សង្កាត់ សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាសង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត។ ហើយលោកជំទាវបានអំពាវនាវឱ្យអ្នកទាំងអស់គ្នាចូលរួមគោរពនិងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន និងសំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។
លោកជំទាវ មឹន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ពិតណាស់ថាគ្រោះថ្នាក់ចរាចរណ៍វាបានបង្កជាក្តីកង្វល់ដ៏ធំសម្រាប់មនុស្សជាតិ ដូច្នេះតាមរយៈយុទ្ធនាការនាពេលនេះ នឹងជួយឲ្យបងប្អូនទាំងអស់គ្នាបានយល់ច្បាស់អំពីសារប្រយោជន៍នៃការគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ដងផ្លូវប្រកបដោយសុខសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជំរុញដល់មន្ត្រីនគរបាលចរាចរណ៍ ធ្វើយ៉ាងណាត្រូវខិតខំរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាមខាងមុខនេះ ពិសេសការរិតបន្តឹងនេះ ជាផ្នែកមួយសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បើតាមការបញ្ជាក់របស់លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតចំនួន៧១ករណី ការថយចុះចំនួន២៨ករណី បើធៀបនឹងឆ្នាំ២០១៩ ដែលមាន៩៩ករណី ប៉ុន្តែចំនួនអ្នករងគ្រោះមានការកើនឡើង ដោយក្នុងនោះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០មានចំនួន៨៦នាក់ ខណៈឆ្នាំ២០១៩ មានអ្នកស្លាប់ត្រឹមតែ៨១នាក់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ