ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិអូស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ បានប្រតិកម្មលើកគ្នាតវា ចោទប្រកាន់ថា ក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដី លក់ធ្វើឲ្យប៉ះពាល់ដីទួលបូជា និងបញ្ចុះសពប៉ះពាល់ដីអូរសាធារណៈ និងប៉ះពាល់ផ្លូវថ្នល់លំ របស់ប្រជាពលរដ្ឋប្រវែងជាង៣០០ម៉ែត្រ។ ការតវានេះមានរយៈពេល២ថ្ងៃ ទើបអាជ្ញាធរចុះមកសម្របសម្រួល និងឲ្យក្រុមហ៊ុនផ្អាកសកម្មភាព ជីករណ្តៅដីបណ្តោះអាសន្ន ក៏ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រមទទួលយកដំណោះស្រាយនោះទេ ពួកគាត់សំណូមពរ ចំនួន៣ចំណុចសុំឲ្យអាជ្ញាធរដោះស្រាយ។
ទី១, លុបរណ្តៅដី នៅខាងមុខទូលបូជាសពនិងថ្នូរសព ឲ្យបាន១០ម៉ែត្រពីរណ្តៅដី ដើម្បីការពារកុំឲ្យបាក់ដីធ្លាក់ថ្នូរចូលក្នុងរណ្តីដី។ ទី២, សូមឲ្យជីករណ្តៅតាមបច្ចេកទេស ទុកទំនប់អមសងខាងរណ្តៅដី ជៀសវាងបាក់ដីស្រែរបស់ប្រជាពលរដ្ឋ។ ទី៣, លើកបំពេញថ្នល់លំប្រវែង៣០០ម៉ែត្រ ឲ្យបានខ្ពស់ស្មើថ្នល់ចាស់វិញ។ ការប្រតិកម្មនេះ កើតឡើងនៅថ្ងៃទី១៤ និង១៥ មករា ២០២១ នៅភូមិអូស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ។ បើតាមលោកយាយជ័យ អេន អាយុ៦៩ឆ្នាំ នៅភូមិអូស្រង៉ាំ បានឲ្យដឹងថា ក្រុមហ៊ុន ឈ្មោះសៅ បានយកគ្រឿងចក្រមកជីកដីក្នុងអូរស្រង៉ាំ យកអាចម៌ដីទៅលក់ ធ្វើឲ្យប៉ះពាល់ទួលបូជាសពនិងបញ្ចុះសព អ្នកភូមិ ជាពិសេសជីករណ្តៅដីជ្រៅ ជាប់និងថ្នូរខ្មោច ទុកប្រវែង០២ម៉ែត្រដល់ថ្នូរខ្មោច ០២នាក់ប្តីប្រពន្ធ គឺ៖ថ្នូរឈ្មោះខៀវ សំអាត និងថ្នូរប្រពន្ធឈ្មោះប៉ាន់ យ៉ឹង ដែលប្រជាពលរដ្ឋសុំឲ្យក្រុមហ៊ុនលោកសៅ ជីករណ្តៅដី ទុកគម្លាតពីថ្នូ១០ម៉ែត្រទៅ១៥ម៉ែត្រ ដើម្បីកុំឲ្យបាក់ដីដល់ថ្នូរ ក៏ប៉ុន្តែលោកសៅបានជីករណ្តៅជ្រៅ ចម្ងាយ២ម៉ែត្រដល់ថ្នូរតែម្តង។
ដោយឡែកតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុនកែវ សុភ័គ្រ ហៅសៅ បានយកគ្រឿងចក្រជីរណ្តៅដីយកអាចម៌ដីលក់ មិនត្រូវតាមស្តង់ដារបច្ចេកទេស ជីរណ្តៅជ្រៅ ហើយអត់ជើងទេ អត់ទុកចំណីអូរ និងទប់ទំនប់អមសងខាងរណ្តៅ ដើម្បីការពារបាក់ដីនិងហូរទឹកចេញពីស្រែរបស់ប្រជាពលរដ្ឋ ។ ហើយក្រុមហ៊ុនបានឈុសផ្លូវលំ របស់ប្រជាពលរដ្ឋអស់ប្រវែង៣០០ម៉ែត្រ ធ្វើផ្លូវដឹកដីចេញ ដែលថ្នល់លំនេះប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ និងភូមិហែកសំណាញ់ ឃុំធ្មា ស្រុករំដួល រៃលុយគ្នា ចាក់ដីលើកធ្វើជាថ្នល់លំ សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរមកផ្សារដូនសរ និងមករៀននៅវិទ្យាល័យហ៊ុនសែនដូនសរ។ ហើយពេលអាជ្ញាធរឃុំស្រុក មកដោះស្រាយ គឺគ្រាន់តែឲ្យក្រុមហ៊ុនផ្អាកសកម្មភាពបណ្តោះអាសន្ន មិនបានឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋទេ។ ហើយចំពោះថ្នូរសព០២នាក់ប្តីប្រពន្ធនេះ គឺជាគ្រួសារក្រីក្រ មានជំងឺរ៉ាំរ៉ៃ បានលក់ដីស្រែនិងដីលំនៅឋាន យកទៅព្យាបាលជំងឺ អស់ហើយនៅតែមិនជា បានស្លាប់បន្តបន្ទាប់នៅឆ្នាំ២០១៩ និង២០២០កន្លងទៅ បន្សល់កូនប្រុស១នាក់ ឈ្មោះក្រក អាយុ១០ឆ្នាំ ដោយជីវភាពក្រីក្រ គ្មានទីពឹងប្រជាពលរដ្ឋបាននាំយកទៅផ្ញើព្រះសង្ឃនៅវត្តល្ងើន ឃុំដូនសរ និងធ្វើបុណ្យបំបួសជាសង្ឃ នេនតូចគង់នៅវត្តល្ងើនដល់សពថ្ងៃ។
ទាក់ទិនករណីនេះដែរ លោកសៅ ប្រធានក្រុមហ៊ុនកែវ សុភ័គ្រ បានឆ្លើយបំភ្លឺថា ក្រុមហ៊ុនលោកមានច្បាប់អនុញ្ញាត ជីករណ្តៅដីក្នុងអូរស្រង៉ាំយកអាចម៌ដី ទៅចាក់ធ្វើថ្នល់ជាតិលេខ៣១៥ ប្រវែង៨,៥០០ម៉ែត្រ ទទឹងបាតក្រោម១៥ម៉ែត្រ ខ្នងលើ១២ម៉ែត្រកម្ពស់១,៤ម៉ែត្រ ចំពោះប្រជាពលរដ្ឋទាមទារឲ្យជីដី តាមស្តង់ដារបច្ចេកទេសនោះ លោកមិនអាចធ្វើបានទេ ដោយលោកគ្មានប្រាក់ជួលអ្នកបច្ចេកទេសមកសិក្សា វាយតម្លៃពីផលប៉ះពាល់ទេ គឺជីកដីតាមលំនាំអូរតែប៉ុណ្ណោះ។ ហើយបញ្ហា ប៉ះពាល់ទួលបូជាសពនិងបញ្ចុះសព គឺដីនោះមិនមែនជាទួលបុរាណទេ គឺជាក្បាលដីរបស់ឈ្មោះម៉ិច ដែលគេមានប័ណ្ណសម្គាល់សិទ្ធិស្របច្បាប់ ហើយឈ្មោះម៉ិចជាម្ចាស់ដី ជាអ្នកឈរចង្អុលឲ្យជីករណ្តៅដីនេះ ដើម្បីយកអាចម៌ដីទៅចាក់លើកជាភូមិសង់លំនៅឋានរបស់គេ ដោយខ្វះអាចម៌ដីទើបម្ចាស់ដី ឲ្យជីកដល់ជិតថ្នូរគឺទុកចម្ងាយពីថ្នូរ ដោយសំអាងថាដីទួលបូជាសព និងបញ្ចុះសពនោះ ជាដីរបស់ខ្លួនហើយសាច់ញាតិសព ពេលយកសពទៅបូជា និងបញ្ចុះសព គឺទៅសុំម្តាយក្មេករបស់ខ្លួន(ឈ្មោះម៉ិច) មិនបានដឹងទេ ពីព្រោះខ្លួននៅឯភ្នំពេញ ហើយមុននិងជីកដីនេះ គឺគាត់ម្ចាស់ដីបានឲ្យសាច់ញាតិសពគាស់លើកថ្នរយកអដ្ឋិធាតុ ឬសពទៅដាក់នៅកន្លែងផ្សេង ក៏ប៉ុន្តែអ្នកស្រុកយល់ថា កូនបួសជាសង្ឃកូននេនតូច គ្មានដី ទើបមិនទាន់លើកថ្នរចេញ។ ចំពោះថ្នល់លំ ក្រុមហ៊ុនបានដឹកដីចាក់២០រថយន្ត ដាក់តាមក្រឡុករួចកៀរ កិនពង្រាប ឡើងវិញហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយកដាយថា ទាបជាងថ្នល់ពួកគាត់លើក។ ទាក់ទិនករណីនេះដែរ ខាងអាជ្ញាធរស្រុកប្រាប់ថា អាជ្ញាធរកំពុងដោយស្រាយជូនប្រជាពលរដ្ឋហើយ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ