កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីចំនួន១៦៤ចេញពី Play Store បន្ទាប់ពីក្រុមហ៊ុនផ្នែកសុវត្ថិភាពបច្ចេកវិទ្យា White Ops បានរកឃើញថាកម្មវិធីទាំងនោះបានប្រើវិធីសាស្ត្រ Out-of-context ads ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។
Out-of-context ads គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយបង្ហាញនូវ ផ្ទាំងស្គ្រីនថ្មីមួយទៀតដែលមិនជាផ្នែកណាមួយរបស់កម្មវិធីដើម។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិធីសាស្ត្រនេះត្រូវបានក្រុមហ៊ុន Google ហាមឃាត់មិនឱ្យអ្នកអភិវឌ្ឍកម្មវិធីប្រើកាលពីខែកុម្ភៈឆ្នាំ ២០២០ ដោយសារតែវាមិនអាចឱ្យអ្នកប្រើប្រាស់ដឹងច្បាស់ថា តើការផ្សព្វផ្សាយនោះមានប្រភពមកពីណា ដែលនេះនាំឱ្យមានការលួចផ្សព្វផ្សាយពាណិជ្ជកម្មដោយពុំមានការអនុញ្ញាត ឬអាចបញ្ចូលកម្មវិធីបោកបញ្ឆោតបានទៀតផង។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា ភាគច្រើននៃកម្មវិធីទាំង ១៦៤ នោះគឺបង្កើតឡើងដោយប្រើឈ្មោះនិងមានមុខងារស្រដៀងនឹងកម្មវិធីល្បីៗ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ក្នុងការទាញយក។ ជាឧទាហរណ៍កម្មវិធី Assistive Touch 2020 គឺជាកម្មវិធីដែលលួចចម្លងមកពីកម្មវិធី Assistive Touch។ ក្នុងករណីនេះពួកគេគ្រាន់តែបន្ថែមពាក្យ “2020” នៅខាងចុងឈ្មោះកម្មវិធី ដើម្បីឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំក្នុងការទាញយក។
ទោះបីជាកម្មវិធីទាំងនេះត្រូវបានលុបចោលពី Play Store និងបិទដំណើរការនៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ហើយក្ដី ប៉ុន្តែវាមិនត្រូវបានលុបចេញពីទូរសព្ទរបស់លោកអ្នកទេ។ កាលពីខែមិថុនាឆ្នាំ ២០២០ ក្រុមហ៊ុន Google បានបិទកម្មវិធីចំនួន៣៨ ហើយនៅក្នុងខែតុលាឆ្នាំដដែលកម្មវិធីចំនួន២៤០ ទៀតក៏ត្រូវបានបិទផងដែរទាក់ទងនឹងបញ្ហាដូចគ្នានេះ៕ រក្សាសិទ្ធិដោយ៖ បញ្ហាស័ក្តិ