Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ ជា​អ្នកផ្តល់​មធ្យោបាយ​ម៉ូតូ​មួយគ្រឿង ដល់​ជនដៃដល់ អ៊ា ណា​រ៉េ​ន ជិះ​គេចខ្លួន បន្ទាប់ពី​បាញ់សម្លាប់ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​

​ភ្នំពេញ ៖ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ជា​អ្នកផ្តល់​មធ្យោបាយ​នូវ​ម៉ូតូ​មួយគ្រឿង ដល់​ជនដៃដល់ អ៊ា ណា​រ៉េ​ន ជា​មធ្យោបាយ​ជិះ​គេចខ្លួន ពាក់ព័ន្ធ​ការបាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម និង​គ្រាប់​មួយចំនួន​។​

​មន្ត្រីនគរបាល​បាន​បង្ហើប​ឲ្យ​ដឹងថា បក្ខពួក​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ គឺជា​អ្នកផ្តល់​មធ្យោបាយ​ម៉ូតូ​មួយគ្រឿង ដល់​ជនដៃដល់ អ៊ា ណា​រ៉េ​ន ជា​មធ្យោបាយ​ជិះ​គេចខ្លួន​។ ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ប្តី​ប្រពន្ធ​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាមួយ​ជនដៃដល់ នាពេល​កន្លងមក​។​

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ដោយឡែក សាកសព​ជនដៃដល់ អ៊ា ណា​រ៉េ​ន ត្រូវបាន​សមត្ថកិច្ច ដឹក​មក​តម្កល់ទុក​នៅ​ក្នុង​វត្ត​រង់ចាំ​ប្រពន្ធ​កូន និង ក្រុមគ្រួសារ​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី ឃាតកម្ម​បាញ់សម្លាប់​ម​ន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០០​និង​០៥​នាទី​យប់ ចំណុច​មុខផ្ទះ​សំណាក់​សាំង​ហ័​រ​ទៀន ផ្លូវ​សហ​ព​ន្ធ័​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​អ្នកបើករថយន្ត​) នៅ​ចំណុច​ផ្ទះជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​បក្សពួក​ម្នាក់ទៀត​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បានគេច​ទៅ​លាក់ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​, ខេត្តមណ្ឌលគិរី​, ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ។ រហូតដល់​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់ កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ ដ វ ន ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នៅវេលា​ម៉ោង ១៧​និង​៤៦​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រទះឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លួន និង​បាន​បាញ់​មកលើ​សមត្ថកិច្ច​យើង ភ្លាមនោះ​សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​តែម្តង​។​

​វត្ថុតាង​ដកហូត​មាន អាវុធខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ មួយ​ដើម ។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ។ អាស្រ័យហេតុនេះ សូម​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​៕ រក្សា​សិ​ទ្ឌិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×