ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពាន៧មករា រួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ លីម ឡាយអ៊ូ អាយុ ៣០ ឆ្នាំ មានទីកន្លែងកំណើត នៅសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត Ford Ranger ពណ៌ខ្មៅមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ2-BA-1827 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងទៅបុកនិងរបាំងថ្មទ្រូងពុះចែកផ្លូវ ស្ពាន ៧មករា ពេញទំហឹង រួចបន្តទៅបុកបង្គោលភ្លើង បាក់អស់មួយដើមទៀត ទើរជាប់ត្រឹមនឹង។ ចំណែកឯរថយន្តវិញ ខូចស្ទើរគ្មានសល់រងការខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌទួលគោក រួចបានប្រគល់តួនាទីនេះ ទៅឲ្យខាងជំនាញក្រុងចុះមកវាស់វែង និងយករថយន្តទៅរក្សាទុក នៅស្នងការនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជាបណ្តោះអសន្ន ។ ចំណែកសពប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យេតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត