តាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បន្តអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ កុំឲ្យមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ-១៩ នេះ។
ដោយក្នុងនោះដែរ លោកអភិបាលក្រុងដូនកែវបានសង្កត់ធ្ងន់ថា យើងអាចភ្លេចឬឆ្វេសប្រហែសលើការការពារជំងឺកូវីដ១៩ តែជំងឺកូវីដ១៩នេះ មិនបានភ្លេចយើងទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការឆ្វេសប្រហែសឲ្យសោះ ។
ការអំពាវនាវរបស់អាជ្ញាធរក្រុងដូនកែវបែបនេះ គឺក្នុងពេលដែលរដ្ឋបាលក្រុងដូនកែវ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ រួមជាមួយថវិកា ជូនដល់ចាស់ជរារស់នៅក្នុងសង្កាត់ទាំង៣ ក្នុងក្រុងដូនកែវ ដែលកំពុងមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ តាមរយៈការគៀរគរសុំជំនួយឧបត្ថម្ភពីក្រុមហ៊ុនលក់ម៉ូតូ HONDA សាខាខេត្តតាកែវ ដើម្បីចូលរួមជួយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ជាមួយនិងរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១នេះ ៕រក្សាសិទ្ធិដោយ៖ តាកែវ