បាត់ដំបង៖ បុគ្គលិកប្រុសស្រីបម្រើរការងារនៅក្នុងកាស៊ីណូមួយកន្លែង ស្ថិតក្នុងស្រុកកំរៀង ជិត២០០នាក់ ត្រូវបា
នអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ បន្ទាប់ពីពួកគេបានពាក់ព័ន្ធនិងប្រា
ស្រ័យទាក់ទងជាមួយនឹងអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ដែលចូលមកលេងមិត្តភក្តិក្នុងកាស៊ីណូ ហើយត្រូវបាននាំយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានមានប្រសាសន៍ឲ្យដឹងថា ចំពោះការឲ្យបុគ្គលិកទាំងអស់ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ មានទីលំនៅខេត្តប៉ៃលិន ដែលចូលមកលេងមិត្តភក្តិក្នុងកាស៊ីណូ ស្ថិតក្នុងស្រុកកំរៀងនេះ ហើយរូបគេត្រូវមន្ត្រីសុខាភិបាល យកសំណាកនិងរកឃើញថា ឆ្លងជំងឺកូវីដ១៩នៅអំឡុងខែមករានេះ។ បន្ទាប់ពីមានករ
ណីពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩នេះ ម្ចាស់កាស៊ីណូបានបិទកាស៊ីណូជាបណ្ដោះអាសន្ន ហើយបានប្រមូលបុគ្គ
លិកកាស៊ីណូទាំងអស់ ឲ្យធ្វើចត្តាឡីស័ក ដោយពួកគេបានស្ម័គ្រចិត្តចូលរួមគ្រប់គ្នា ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខដល់បុគ្គលិកកាស៊ីណូទាំងអស់នោះ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចំពោះពលករខ្មែរឬពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាក្នុងខេត្ត រួមទាំងអនុវត្តវិធានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ ទាំងនៅតាមបន្ទាត់ព្រំដែន និងតាមមណ្ឌលធ្វើចត្តាឡីស័ក។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានព្រមានមិនលើកលែង ឲ្យពួកមេខ្យល់ដែលអូសទាញញុះញង់ នាំពលករខ្មែរឆ្លងដែនខុសច្បាប់ ដោយកម្លាំងការពារព្រំដែនទាំងអស់ ត្រូវសហការគ្នាទប់ស្កាត់ តាមបទបញ្ជារបស់ប្រមុខដឹកនាំជាតិ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្ដល់អនុសាសន៍ និងអំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែន ខិតខំធ្វើការងារទប់ស្កាត់ នូវការរីករាដាលជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៃខេត្តសាមុទសាខន ប្រទេសថៃ មានពលករខ្មែរឆ្លងដែនមកពីថៃ ចូលតាមច្រកនានា ជាប់ខេត្តបាត់ដំបង មានចំនួនជាង ២៧០០នាក់។ អ្នកបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យទៅផ្ទះវិញមានចំនួន ជាង១១០០នាក់ ហើយបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ មានចំនួនជាង២ ៦០០នាក់និងមានអ្នកឆ្លងជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យខេត្ត ចំនួន១១នាក់៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ