ខេត្តស្វាយរៀង៖ បុរសម្នាក់ វិលត្រឡប់ពីភ្នំពេញ មកជួបប្រពន្ធនៅស្រុកកំណើត ស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារកសម្លាប់ប្រពន្ធ ធ្វើឱ្យប្រពន្ធភ័យខ្លាច ក៏រត់ទៅប្តឹមេភូមិ ពេលមេភូមិមកសួរនាំ ក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯង កាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ទទួលពាក្យពីប្រពន្ធ មេភូមិមកសួរនាំក៏ត្រូវជនសង្ស័យកាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងក៏ឡោមព័ទ្ធចាប់ជនសង្ស័យ។
ជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុនេះ ហើយគេទើបត្រឡប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។
មុនកើតហេតុជនសង្ស័យ បានធ្វើដំណើរមកពីភ្នំពេញមកលេងស្រុកកំណើតក្នុងភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារកធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។ ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់ និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថស្រុកឡោមព័ទ្ធ ចាប់ជនសង្ស័យ ដោយមានពូថៅជាប់ខ្លួនមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានហើយ សមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងធ្វើតេស្តទឹកនោមរកឃើញ មានផ្ទុកសារធាតុថ្នាំញៀន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ