ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ហើយក៏មានការចូលរួមមតិយោបល់ អំពីការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា របស់លោក លោកស្រីស្នងការរង លោកអធិការ ក្នុងការអនុវត្តការងារលើការចាប់ឃាត់ យានយន្តកែច្នៃស៊ីមាំង ដែលតែងតែបង្កសម្លេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋផងដែរ ។ ជាកិច្ចបន្ទាប់ឯកឧត្តមស្នងការ ក៏បានផ្តល់មតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ មិនត្រូវអនុវត្តលើសពីការណែនាំឡើយ ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយ:ពេល ៣ថ្ងៃ ។ បន្ថែមលើនេះទៀត ឯកឧត្តមស្នងការ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វើការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីមាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ ។ ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដើម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេសត្រូវមានកម្លាំងចរាចរណ៍ចល័តដើម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលើបញ្ហាកកស្ទះ ។
សូមបញ្ជាក់ថាការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសម្លេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសម្លេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ