ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មបង្កាន់ដៃគល់ស្ពានអាកាសផ្សាដីហុយ បណ្តាលឲ្យរថយន្តរងការខូចខាតផ្ទៃខាងមុខទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកអូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា
មុនពេលកើតហេតុមានរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-BJ-4201 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មបង្កាន់ដៃស្ពាន អាកាសផ្សារដីហុយ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្ទៃខាងមុខស្ទើរទាំងស្រុង។ សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យប៉ះពាល់ទៅដល់ភាគីដទៃនោះទេ រងការខូចខាតតែរថយន្តនិងបង្កាន់ដៃស្ពានតិចតួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌទួលគោក រួចបានប្រគល់តួនាទីនេះ ទៅឲ្យខាងជំនាញក្រុងចុះមកវាស់វែង និងយករថយន្តទៅរក្សាទុក នៅស្នងការនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជាបណ្តោះអសន្ន ៕ រក្សាសិទ្ធិដោយ៖ សា មេត