ភ្នំពេញ ៖ បុរសម្នាក់ទំនងជាងោកបានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តរងការខូចខាតផ្ទៃខាងមុខទាំងស្រុងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង៣០នាទីយប់ ឈានចូលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តនៅកន្លែងកើតហេតុ បានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា
មុនពេលកើតគាត់បានបើករថយន្តម៉ាក lexusNX200 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-BJ-9372 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ងោកមួយភាំងបានរេចង្កូតទៅបុករបាំងថ្មទ្រូងពុះចែកផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្ទៃខាងមុខស្ទើរទាំងស្រុង។ សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យប៉ះពាល់ទៅដល់ភាគីដ៏ទៃនោះទេ រងការខូចតែរថយន្តនិងបាករបាំងថ្មអស់មួយកង់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌទួលគោក រួចបានប្រគល់តួនាទីនេះ ទៅឲ្យចរាចរណ៍រាជធានីភ្នំពេញ ចុះមកវាស់វែងយកទៅរក្សាទុកជាបណ្តោះអសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ ៕រក្សាសិទ្ធិដោយ៖សា មេត