ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតនៃ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំកិច្ចអន្តរាគមន៍ជំរុញការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត, នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ជាសំណើសុំអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្ម, គោលបំណងនៃការធ្វើវិសោធនកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ មានចំនួន ០៣ (បី) សំខាន់ៗ ដូចខាងក្រោម៖
១. លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា ។ កិច្ចការនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួម (ហៅកាត់ថាប្រព័ន្ធ CamDX) ដែលបានសម្រួលដល់ការចុះបញ្ជីអាជីវកម្មមួយកម្រិតធំ ។ ទោះជាយ៉ាងនេះក៏ដោយ, ដោយនីតិវិធីចាស់នៅមានចែងក្នុងច្បាប់ , ការធ្វើវិសោធនកម្មច្បាប់ទាំងពីរខាងលើនេះ គឺជាកិច្ចការចាំបាច់ ដើម្បីឱ្យការអនុវត្ត និងប្រតិបត្តិការតាមប្រព័ន្ធ CamDX អាចដំណើរការទៅបានដោយរលូន និងប្រសិទ្ធភាពខ្ពស់។
២. បំពេញបន្ថែមបទប្បញ្ញត្តិ និងនីតិវិធីឱ្យមានភាពច្បាស់លាស់ សម្រាប់ទ្រទ្រង់យន្តការ ដែលបាន និងកំពុងអនុវត្តកន្លងមក និង
៣. ធានាសង្គតិភាពរវាងច្បាប់ទាំងពីរ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ ជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដូចជា “ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម” ជាដើម ។
អង្គប្រជុំ បានពិនិត្យមើលលម្អិតទៅលើមាត្រាពាក់ព័ន្ធនីមួយៗនៃច្បាប់ទាំងពីរខាងលើ និងបានឯកភាព ជាគោលការណ៍លើភាពចាំបាច់ និងបន្ទាន់នៃការធ្វើវិសោធនកម្ម ដោយក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តសម្អាត និងកែសម្រួលពាក្យពេចន៍ តាមការឯកភាពរបស់កិច្ចពិភាក្សា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួលការងារដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំអនុសាសន៍ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ