ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង ២០២១ ដែលអង្គភាពព័ត៌មាន CEN ទទួលបាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីខែមីនា ដល់ខែមេសា ធាតុអាកាស នឹងកើនកម្តៅជាបន្តបន្ទាប់ ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៤-៣៧ °C។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យម អតិបរមាអាចនឹងកើនឡើងពី ៣៣-៣៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣០-៣៣ °C ។
មកដល់ ខែមេសា និងដើមខែឧសភា វិញ កម្រិតសីតុណ្ហភាពអតិបរមា អាចនឹងកើនឡើងខ្ពស់បំផុត ក្នុងរង្វង់ ៣៩ °C ។
ស្ដីពីរបបទឹកភ្លៀង ៖ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដ្បិតនៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាកច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។
អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN