ខេត្តព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនបុរសអាយុ៤៦ឆ្នាំទៅសាលាដំបូងខេត្តព្រះវិហារ ពីបទកាប់គាស់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ ដែលផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
មន្ទីរបរិស្ថានខេត្ដព្រះវិហារបានឲ្យដឹងថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ លើបុរសអាយុ៤៦ឆ្នាំ ដែលបច្ចុប្បន្នរស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ពីបទកាប់គាស់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ ដែលផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (មាត្រា៦២ ចំណុច១ និងមាត្រា៦១ ចំណុច៦) នៅត្រង់ចំណុចព្រៃត្រពាំងសង្កែឡាក់ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វត្ថុតាងរឹបអូស រួមមាន រណារយន្ត០១គ្រឿង អាវុធកែច្នៃ០១ដើម ថ្នាំសម្លាប់ស្មៅ០១ធុង និងម៉ូតូ០១គ្រឿង មករក្សាទុកនៅទីចាត់ការតាកឹងជាបណ្តោះអាសន្ន។
នាថ្ងៃដដែល មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ និងតំបន់បេតិកភណ្ឌធម្មជាតិ-ភ្នំត្បែង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយជាលទ្ធផល បានរុះបំផ្លាញចោលរោងស្នាក់កាប់ឈើ០២កន្លែង(មួយប្រក់តង់ និងមួយសង់ពីឈើ) របស់អញ្ញាត្តជន និងដកហូតរណាយន្ដ០២គ្រឿង ពីបុរសជាជនសង្ស័យ ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំច្បាប់ស្តីពីតំបន់ការពារធម្មជាតិផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ