ខេត្តស្វាយរៀង ៖ ក្រុមអាជីវកម្មជីករជីកដីយកអាចម៌ដីលក់ ឈ្មោះវិរៈ បានជីករណ្តៅដីយកអាចម៌ដីលក់ ជ្រៅដល់ក្បាលប្រែត អ្នកស្រុកបានប្រតិកម្ម ខ្លាចច្រោះដីបាក់ធ្លាក់ដីស្រែរបស់ពួកគាត់ ដែលនៅក្បែរស្រែរបស់ពួកគាត់ ហើយរថយន្តដឹកដីបង្កឲ្យស្រុតខូចភ្លឺប្រឡាយ និងថ្នល់លំ ក្នុងភូមិ បើទោះបីពួកគាត់ប្តឹងអាជ្ញាធរ ឲ្យដោះស្រាយផលប៉ះពាល់ការខូចខាត ក៏ដោយគ្មានអាជ្ញាធរណាយកភ្នែកមើលហើយ មកដោះស្រាយនោះទេ។
ប្រជាពលរដ្ឋបានប្រត្តិកម្មឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ មករា ២០២១ នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមស្ត្រីម្នាក់អាយុ៦៦ឆ្នាំ រស់នៅក្នុងកន្លែង កើតហេតុខាងលើបានឲ្យដឹងថា ក្រុមអាជីវកម្មជីកយកអាចម៌ដីលក់ ម្នាក់ឈ្មោះវិរៈ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានយកគ្រឿងចក្រ ជីករណ្តៅដី យកអាចម៌ដីលក់ រយៈពេលមួយខែមកហើយ ធ្វើឲ្យប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែររណ្តៅដី បារម្ភខ្លាចបាក់ច្រាំងរណ្តៅដីធ្លាក់ដីស្រែ ចូលទៅក្នុងរណ្តៅ និងធ្វើឲ្យស្រុតខូចភ្លឺប្រឡាយ ដែលជាភ្លឺសម្រាប់ប្រជាពលរដ្ឋ បរគោយន្តទៅភ្ជួរស្រែ និងដឹកកណ្តាប់
និងហុយដីចូលផ្ទះអ្នកស្រុក បង្កឲ្យប៉ះពាល់ដល់សុខភាពកូនចៅរបស់ពួកគាត់ និងធ្លាក់ដីលើថ្នល់ជាតិលេខ១។
អ្នកស្រីបានបន្តថា រណ្តៅដីគេជីកយកអាចម៌ដីនោះមានទំហំធំទទឹងជាង៥០ម៉ែត្រ បណ្តោយប្រមាណជិត១០០ម៉ែត្រ ហើយប៉ុន្មានខែចុងក្រោយនេះ មានឈ្មួញធ្វើអាជីវកម្មជីករណ្តៅដី យកអាចម៌ដីលក់បានមកទិញដីទួលបុរាណ ជីកយកអាចម៌ដីលក់ ចំនួន២កន្លែង គឺត្រង់ចំណុចខាងលិចរណ្តៅដីនោះ១កន្លែង ទទឹង១០០ម៉ែត្រ បណ្តោយប្រមាណ១៤០ម៉ែត្រ ជម្រៅ៦ទៅ៧ម៉ែត្រ ហើយនៅចុងខែធ្នូ២០២០ មកដល់ថ្ងៃទី៧ មករា ២០២១កន្លងទៅនេះ បានមកជីកចំកណ្តាលទួលទទឹង៧០ម៉ែត្រ បណ្តោយ១០០ម៉ែត្រទៀត ធ្វើឲ្យបាត់បង់ទួលបុរាណ បាត់បង់ដើមត្នោត និងកំពុងព្រួយបារម្ភខ្លាចបាក់រណ្តៅដី រលំដើមត្នោតរបស់ពួកគាត់ នៅលើទួលបុរាណជាប់រណ្តៅដី ដែលពួកគេជីកយកអាចម៌ដី ដោយរណ្តៅដីពួកគេជីកជ្រៅជម្រៅ៦ទៅ៧ម៉ែត្រ ហើយរណ្តៅថ្មីនេះ ក៏ជីកជ្រៅដែរជម្រៅ៧ទៅ៨ម៉ែត្រ ពួកគេបានឈូសភ្លឺប្រឡាយប្រវែង១,៥០០ម៉ែត្រ ធ្វើផ្លូវរថយន្តដឹកដី បង្កស្រុតភ្លឺប្រឡាយ និងហុយដីចូលផ្ទះប្រជាពលរដ្ឋ ហើយនិងបង្កឲ្យខូចផ្លូវលំមុខផ្ទះប្រជាពលរដ្ឋថែមទៀត។
ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ មេត្តាចុះមកពិនិត្យដោះស្រាយ ជូនប្រជាពលរដ្ឋផង និងសូមឲ្យក្រុមអាជីវកម្មជីករណ្តៅយកអាចម៌ដីលក់ លើកភ្លឺប្រឡាយសងឲ្យប្រជាពលរដ្ឋវិញ។
ទាក់ទិនករណីនេះដែរ ខាងអាជ្ញាធរឃុំនិយាយថា ខាងអាជ្ញាធរឃុំបានសាកសួរខាងរថយន្តដឹកដីនោះ គេថាគេមានច្បាប់ធ្វើអាជីវកម្ម ពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះសូមសួរទៅមន្ទីររ៉ែនិងឋាមពលខេត្តទៅ។
ទាក់ទិនករណីនេះដែរ លោកប៉ុក តក ប្រធានមន្ទីររ៉ែនិងឋាមពលខេត្ត មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទមិនចូល។
រីឯលោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប ក៏មិនអាចទំនាក់ទំនងបានដែរ ទូរស័ព្ទជាប់រវល់៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ