ស្ទឹងត្រែង ៖ បងប្អូនជនជាតិដើមភាគតិចប្រូវ (ព្រៅ)មួយភូមិ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងបានរក្សាទម្លាប់យកទឹកអូរ ដែលធ្លាក់ចេញពីភ្នំឫសឈើធម្មជាតិដងមុជនិងដងដាក់ធុងទុកដាំស្ល។
ពេលយើងទៅដល់ភូមិនោះមើលទៅហាក់បីដូចជាភូមិកុលសម្ព័ន្ធមួយដាច់ដោយឡែក។ តែភូមិនោះមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកសេសានឡើយ គ្រាន់តែជាទម្លាប់របស់អ្នកភូមិជនជាតិដើមភាគតិច រស់នៅតាមបែបធម្មជាតិតែប៉ុណ្ណោះ។
លោកសុវណ្ណពិសិដ្ឋអភិបាលស្រុកសេសានបានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីការរស់នៅទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច យកទឹកអូរពីប្រភពធម្មជាតិប្រើប្រាស់សំខាន់នោះ លោកក៏បានដឹកនាំមន្ត្រីសហការជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ យកបាវខ្សាច់ទៅទប់ទឹកកែច្នៃ ឲ្យទៅជាកន្លែងងាយស្រួលសម្រាប់ដងមុជ ប្រើប្រាស់ប្រចាំថ្ងៃដល់អ្នកភូមិ។
លោកអភិបាលស្រុកបានបន្ថែមទៀតថា បើសិនជាមានថវិកាគ្រប់គ្រាន់ណាមួយនោះ នឹងកែច្នៃតំបន់អូរនេះ ជាទំនប់តូចមួយដើម្បីងាយស្រួលសម្រាប់អ្នកភូមិប្រើប្រាស់។
លោកអភិបាលស្រុកបាននិយាយបន្តថា នៅក្នុងស្រុករបស់លោកមានអណ្ដូងស្នប់ ដែលបានផ្ដល់ឱ្យពួកគាត់ប្រើប្រាស់ដែរ ប៉ុន្តែជាទម្លាប់របស់ជនជាតិដើមភាគតិច ធ្លាប់ប្រើប្រាស់ទឹកហូរបែបនេះ ហើយគាត់នៅតែមានទម្លាប់យកទឹកអូរ ដែលចេញពីធម្មជាតិមកប្រើប្រាស់ជាដដែល។ លោកគ្រោងនឹងរៀបចំអូរនេះ ឲ្យក្លាយជាទំនប់ទឹកមួយបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅថ្ងៃខាងមុខ៕ រក្សាសិទ្ធិដោយ៖សំណាង