ខេត្តស្វាយរៀង ៖ មានគ្រួសារក្រីក្រគួរឲ្យអាណិត មានកូន៣នាក់ក្រិនហើយពិកាដៃជើងខ្វិនខ្វង់ ខ្នងគមត្រូវឪពុករត់ចោលទុកឲ្យស្ត្រីជាម្តាយចិញ្ចឹមម្នាក់ឯង ហើយ៨ខែមុននេះ ស្ត្រីជាម្តាយបានដួលបាក់ដៃម្ខាងទៀត ធ្វើឲ្យជួបការលំបាក់ខ្វះស្បៀងអាហារចិញ្ចឹមកូនៗ ចំណែកកូនៗទាំងបីនាក់ ចង់បន្តការសិក្សារកចំណេះដឹង ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។
នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ក្មេងពិការបីនាក់បងប្អូន បានអំពាវនាវសុំក្តីមេត្តាពីលោកឧកញ៉ា លោកជំទាវ បងប្អូនសប្បុរសជន មេត្តាអាណិតជួយផ្តល់គ្រឿងឧបភោគ បរិភោគ និងប្រាក់កាសដើម្បីបន្តការសិក្សា រកចំណេះវិជ្ជាដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតទៅមុខទៀត។
បើតាមស្ត្រីជាម្តាយឈ្មោះ ប្រាក់ មន្ថា អាយុ៥១ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា គាត់មានប្តីឈ្មោះអ៊ុ តេង អាយុ៤៦ឆ្នាំ មានកូន៣នាក់ជាចំណងដៃ ។ ក៏ប៉ុន្តែកូនទាំងបីនាក់អភ័ព្វណាស់កើតមកក្រិន ពិការគម ដៃជើងខ្វិនក្រងិនក្រង៉ង់ គួរឲ្យអាណិតណាស់។
ប្រភពដដែលបានបន្តថា កូនទី១, ឈ្មោះតក់ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ពិការ កើតមកគឺមានសុខភាពធម្មតា លុះអាយុ៤ឆ្នាំ ស្រាប់តែមានអាការៈទន់ ហើយបានដួលបាក់ដៃ បាក់ជើងជាច្រើនកំណាត់ រូបគាត់បានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្រោយមកបានជា ស្រាប់តែឆ្អឹងដៃជើងកោងក្រងិនក្រង៉ង់ ក្រិនគមខ្នង លែងលូតកម្ពស់ ក្រិនតែម្តង ដល់អាយុ១៧ឆ្នាំបានសុំម្តាយទៅរៀន បានថ្នាក់ទី៥ ក៏ឈប់ដោយជីវភាពគ្រួសារ។ ទី២, ឈ្មោះតក់ ធារី ភេទស្រី អាយុ២០ឆ្នាំ កើតមកសុខភាពធម្មតា លុះបានអាយុ៦ខែ ស្រាប់តែមានជំងឺឆាប់ទន់ ឈឺច្រើនបានអាយុ២ឆ្នាំ ទើបចេះដើរតេះតាស់ ក្រោយមកក៏ដួលបាក់ជើងកោងដៃ ក្រងិនក្រង៉ង់ពីបីកំណាត់តែម្តង ហើយក្រិនលែងធំ អាយុ១៥ឆ្នាំបានទៅរៀន មកដល់ឆ្នាំ២០២០ បានថ្នាក់ទី៦ ហើយបានការឧបត្ថម្ភពីអង្គការ LAVALA នៅជិតក្រុងតាខ្មៅ ខេត្តកណ្តាល យកទៅឲ្យរៀនបន្តនៅក្រុងតាខ្មៅ។ ទី៣, ឈ្មោះតក់ រាត្រី ភេទប្រុស អាយុ១២ឆ្នាំ កើតមកភ្លាមមានសុខភាពល្អធម្មតា លុះបានអាយុ២ខែ ចាប់ផ្តើមទន់រហូតដល់អាយុ២ឆ្នាំ ស្រាប់តែក្រិនហើយឆ្អឹងដុះមកទាញកោងបាក់ដៃ បាក់ជើងខ្វិនខ្វង់ខ្នងគមតែម្តង ហើយបច្ចុប្បន្នអាយុ១២ឆ្នាំ មិនទាន់បានទៅរៀនទេ។
ស្ត្រីជាម្តាយបន្តថា ប្តីរបស់គាត់ឈ្មោះអ៊ុ តេង នៅពេលកូនទីបីចាប់ផ្តើមមានជំងឺទន់ៗ ស្រាប់តែរត់ចោលគាត់ និងកូនៗ ទៅតាមស្រីផ្សេងបាត់ ទុកឲ្យគាត់ចិញ្ចឹមកូនម្នាក់ឯងយ៉ាងលំបាកវេទនា ។ គាត់ក៏ចាប់ផ្តើមប្រកមុខរបរបិតស្រា និងចិញ្ចឹមជ្រូក ហើយលក់ដូរបន្តិចបន្ទួច ក៏ប៉ុន្តែមិនសូវមានម៉ូយទិញទេ ដោយផ្ទះរបស់គាត់នៅក្រោយឆ្ងាយពីគេ គ្មានផ្ទះអ្នកស្រុកច្រើន។
ក្រោយមក អង្គការជនពិការ បានផ្តល់ប្រាក់ចំនួន២០០ដុល្លារ តាមរយៈលោកស្រីសំ សំបាត់ ប្រធានសមគមជនពិការស្រុកកំពង់រោទ៌ ដើម្បីធ្វើដើមទុនទិញអីវ៉ាន់ចាប់ហួយលក់ដូរ ផ្គត់ផ្គង់ជីវភាព។ ហើយនៅថ្ងៃទី១៥ ខែតុលា ២០២០ គាត់បានដើរដួលបាក់ដៃខាងស្តាំទៀត មិនអាចធ្វើអ្វីកើត
ទើបសូមអំពាវនាវសូមឲ្យសប្បុរសជន មេត្តាជួយឧបត្ថម្ភស្បៀងអាហារ អង្ករ ដើម្បីចិញ្ចឹមកូនៗបន្តទៀត។
ហើយនៅពេលមានវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានផ្តល់ប្រាប់ឧបត្ថម្ភ បាន៥ខែ មកហើយក្នុង១ខែ ទទួលបាន១៩២,០០០រៀល និងមានការជួយឧបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងអង្គការមនុស្សធម៌ ខ្លះៗដែរ ក៏ប៉ុន្តែគ្រាន់តែជួយសម្រាលដល់ជីវភាពមួយគ្រាៗប៉ុណ្ណោះ។
ហើយបច្ចុប្បន្ននេះ ជីវភាពគ្រួសារគាត់កំពុង ជួបការលំបាក ក្នុងជីវភាពហើយកូនៗចង់ទៅរៀន តែរូបគាត់គ្មានលទ្ធភាពឲ្យកូនអាយុ១២ឆ្នាំ ទៅរៀននិងកូនធំទៅរៀនបន្ត សាលានៅឆ្ងាយ គ្មានអ្នករុញគាត់ឲ្យទៅរៀន ម្យាងជីវភាពក្រីក្រទៀត ដូច្នេះមានតែសុំសប្បុរសជនផ្តល់ក្តីមេត្តាផង៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ