ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែកឯតៃកុងវិញរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១ និង៣០នាទីយប់ ឈានចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-BH 5881បើកបរដោយបុរសម្នាក់ជាជនជាតិចិនធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មទ្រូងពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យប៉ះពាល់ទៅដល់ភាគីដ៏ទៃនោះទេរងការខូចតែរថយន្តនិងបាក់របាំងថ្មអស់មួយកង់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងចរាចរណ៍ជំនាញខណ្ឌដូនពេញចុះមកដល់ រួចបានប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅខាងចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ ៕រក្សាសិទ្ធិដោយ៖ សា មេត