Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧស្សាហកម្ម ៤.០ អាច​នាំ​ដល់​ការ​ផ្លា​ល់​ប្តូរ​នៃ​ជំនាញ និង​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា — ផ្អែកលើ​ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​

​ភ្នំពេញ​៖ កម្ពុជា​គួរតែ​ពិចារណា លើ​ការអភិវឌ្ឍ ផែនទី​នៃ​ការផ្លាស់ប្តូរ​ឧស្សាហកម្ម សម្រាប់​វិស័យ​សំខាន់ៗ ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ទៅរក បដិវត្ត​ឧស្សាហកម្ម​ទី​៤ (4IR) ជាមួយនឹង​ការវិនិយោគ​គ្រប់គ្រាន់ ក្នុងការ​ពង្រឹង​ជំនាញ​សម្រាប់​ការងារ​ថ្មី និង ការងារ​ដែល​ត្រូវ​ផ្លាស់ប្តូរ — នេះ​បើតាម​ការសិក្សា​ថ្មី​មួយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​

​ការរកឃើញ​ខាងលើ​ជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍​ចំនួន​៦​ដែល​បានមកពី​ការសិក្សា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី អំពី​ការ​ទាញ​អត្ថប្រយោជន៍​ពី​ឧស្សាហកម្ម ៤.០ តាមរយៈ​ការអភិវឌ្ឍ​ជំនាញ នៅ​កម្ពុជា​។ វា​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ដែល​ផ្តោតលើ​ប្រទេស​ចំនួន​បួន​នៃ​ប្រជាជាតិ​អាស៊ាន​ដែល​រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​។​

​ការសិក្សា​នេះ​ពិនិត្យ​ទៅលើ ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ វិស័យ​ទាំងពីរ​មាន​សារៈសំខាន់​សម្រាប់​កំណើន ការងារ ភាព​ប្រកួតប្រជែង​អន្តរជាតិ និង 4IR ។ វា​រកឃើញ ថា បច្ចេកវិទ្យា 4IR នឹង​លុបបំបាត់​ការងារ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​ទេសចរណ៍ ប៉ុន្តែ​ការបាត់បង់ នេះ នឹងត្រូវ​ជំនួស​ដោយ​ការកើនឡើង​នូវ​តម្រូវ​ការដែល​នាំមក​ដោយ​ផលិតភាព​ខ្ពស់ជាង​មុន ដែល​វា​អាច បង្កើត​កំណើន​ការងារ ៣៩%​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ និង ២%​សម្រាប់​វិស័យ​ទេសចរណ៍ ។​

​ខណៈដែល​រដ្ឋាភិបាល និង​ឧស្សាហកម្ម​ចង់​លើកកម្ពស់​ជំនាញ 4IR ការស្ទង់មតិ​លើ​និយោជក នៅក្នុង​ឧស្សាហកម្ម​ទាំងពីរ​បង្ហាញ​ពី​ការយល់ដឹង​មាន​កម្រិត​លើ​បច្ចេកវិទ្យា 4IR ។ ឧទាហរណ៍​មានតែ ២៨% នៃ​និយោជក​រោងចក្រ​កាត់ដេរ​និង ៣៥%​នៃ​និយោជក​ក្នុង​ទេសចរណ៍ ដែល​ត្រូវបាន​ស្ទង់​មតិ បាន ឯកភាព​ឬ​ឯកភាព​ទាំងស្រុង នៅពេល​សួរថា​តើ​ពួកគេ​មានការ​យល់ដឹង​ល្អ​អំពី​បច្ចេកវិទ្យា 4IR និង​អំពី​ការ ពាក់ព័ន្ធ នៃ​បច្ចេកវិទ្យា​នេះ​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​ដែរឬទេ​។ និយោជក​នៅក្នុង​ប្រទេស​កម្ពុជា​បង្ហាញ ការយល់ដឹង​ទាប​ជាង​អំពី 4IR បើ​ប្រៀបធៀប​នឹងន​យោជក ដែល​បានធ្វើ​ការស្ទង់មតិ នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។​

​ទោះបីជា​លទ្ធផល​នៃ​ការបង្កើត​ការងារ​ជាទូទៅ​វិជ្ជមាន ក្នុង​វិស័យ​ទាំងពីរ​ក៏ដោយ ការសិក្សា​នេះ ព្រមាន​ថា​មិន​មានការ​ធានាថា​កម្មក​រ​ដែល​ការងារ​ខ្លួន​ត្រូវបាន​ផ្លាស់ប្តូរ អាច​ទៅរក​ការងារ​ដែល​បាន​បង្កើត​ថ្មី ដោយ​ងាយ​នោះទេ បើ​គ្មាន​ការវិនិយោគ​គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ក្នុងការ​អភិវឌ្ឍ​ជំនាញ​។ ការផ្លាស់ប្តូរ ការងារ​ក៏​ទំនងជា​ជះឥទ្ធិពល​ដល់​ស្ត្រី ដែលមាន​ប្រហែល ៨១% ក្នុង​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​នៅ កម្ពុជា​។​

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​ខណៈដែល 4IR អាច​នាំ​ដល់​បំរែបំរួល​ការងារ និង​ជំនាញ នៅ​ប្រទេស​កម្ពុជា យើង ត្រូវតែ​ដោះស្រាយ​ផលប៉ះពាល់​ដែល​នឹងមាន​លើ​ស្ត្រី​។ យើង​ត្រូវតែ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា 4IR និង​អត្ថប្រយោជន៍​របស់​វា ជួយ​សហគ្រាស រួមទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​អាច​ទទួលយក បច្ចេកវិជ្ជា​ជឿនលឿន​នេះ និង​ផ្តល់​ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល ពង្រឹង​ជំនាញ និង​បង្កើត​ជំនាញ រួមទាំង​តាមរយៈ​ការលើកទឹកចិត្ត ដោយ​ការអនុគ្រោះ​ពន្ធ ដើម្បី​ធានាថា​គ្មាន​នរណាម្នាក់ មិនត្រូវ​បាន គិតគូរ​ដល់​។​”

​ការសិក្សា​អំពាវនាវ​ឱ្យមាន​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ពង្រឹង​បរិ​យា​ប័ន្ន និង​កិច្ច​គាំពារ​សង្គម​សម្រាប់ កម្មករ​ទើប​ចូល​បម្រើ​ការងារ កម្មករ​ដែល​ប្រឈម​នឹង​ហានិភ័យ ដោយមាន​ការផ្លាស់ប្តូរ​ក្នុង​ការងារ និង​កម្មករ​ដែល​ត្រូវការ​ជំនាញ​បន្ថែម​។​

​ការសិក្សា​នេះ​លើកទឹកចិត្ត​ឱ្យ​ប្រទេស​កម្ពុជា អភិវឌ្ឍ​កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដោយ​ផ្តោតលើ​ការទទួលស្គាល់ 4IR ក្នុង​វិស័យ​ផលិតកម្ម​សម្លៀកបំពាក់ និង ទេសចរណ៍ និង​ផ្តោតលើ​កម្មវិធី​វិ​ញ្ញាប​ន​ប័ត្រ​ជំនាញ ប្រកបដោយ​ភាពបត់បែន ដែល​អាច​ទទួលស្គាល់ ការបំពេញ​ជំនាញ ក្រៅ​ប្រព​ន្ធ័​អប់រំ​ប្រពៃណី​។​

​ការសិក្សា​ក៏​អំពាវនាវ​ផងដែរ ឱ្យ​អនុវត្ត​គម្រោង​លើកទឹកចិត្ត​សម្រាប់​ក្រុមហ៊ុន​ដើម្បី​បណ្តុះបណ្តាល និ​យោ​ជិ​ករ​បស់​ពួកគេ​អំពី 4IR ដែល​អាច​ត្រូវបាន​ជួយ​ដោយ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​កម្ពុជា​។ នៅក្នុង វិស័យ​ទេសចរណ៍ អ្នកបង្កើត​គោលនយោបាយ ត្រូវបាន​ជំរុញ​ឱ្យ​លើកទឹកចិត្ត​ការរីកចម្រើន នៃ​ការអភិវឌ្ឍ កម្មវិធី​ស្មា​ត​ហ្វូ​ន​ដើម្បី​កសាង​ការត្រៀមខ្លួន​សម្រាប់ 4IR ធានា​ការបណ្តុះបណ្តាល​ជំនាញ​ទំនាក់ទំនង និង​សង្គម ព្រមទាំង​ជំរុញឱ្យមាន​កិច្ចសហការ​កាន់តែខ្លាំង​រវាង​ស្ថាប័ន​បណ្តុះបណ្តាល​និង​និយោជក​។​
​និយោជក​ដែល​បាន​ស្ទង់​មតិ នៅក្នុង​ផលិតកម្ម​សម្លៀកបំពាក់ (៩០%) និង​ទេសចរណ៍ (៧៩%) បាន​រាយការណ៍​ថា​និស្សិត​បញ្ចប់​ការសិក្សា ដែល​បាន​ជួល​មក​ធ្វើការ​ក្នុង​ឆ្នាំកន្លងមក មិនបាន​ត្រៀម លក្ខណៈ គ្រប់គ្រាន់​សម្រាប់​មុខតំណែង​ការងារ​ដំបូង​របស់​ពួកគេ​ទេ​។ នេះ​ផ្ទុយ​ពី​ការយល់ឃើញ​របស់ ស្ថាប័ន​បណ្តុះបណ្តាល ដែល​បាន​បង្ហាញថា​ស្ទើរតែ ៦០% នៃ​និស្សិត​បញ្ចប់​ការសិក្សា​ត្រូវបាន​ត្រៀម លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការងារ​។​

​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អប់រំ​របស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ ថា “​នៅពេល​បច្ចេកវិទ្យា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ការវិនិយោគ​យ៉ាងច្រើន​លើ​ជំនាញ​ឌីជីថល​នឹង​ជួយ​បង្កើន​ឱកាស​របស់​យុវជន​និង​មនុស្ស​ចំណាស់​ក្នុង​ការទទួល​បានការ​ងារ​ដែលមាន​គុណភាព​ខ្ពស់​និង​បន្ថយ​ហានិភ័យ​នៃ​ការបាត់បង់​ការងារ ។ ឥឡូវនេះ គឺជា​ពេលវេលា ដើម្បី​គិត​ឡើងវិញ នូវ​ការផ្តល់​ជំនាញ​ដោយ​ប្រើ វេទិកា​និម្មិត​និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ព្រមទាំង​អភិវឌ្ឍ​ស្ថាប័ន​បណ្តុះបណ្តាល​ឱ្យ​ភាពរហ័សរហួន​ក្នុងការ​ផ្តល់នូវ​វគ្គ​សិក្សា​និង​សញ្ញាបត្រ​ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​។​

​ខណៈពេលដែល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ កំពុង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឌីជីថល ការសិក្សា​បាន​រកឃើញ ថា​ក្រុមហ៊ុន​ដែល​ចាប់ផ្តើម​អនុវត្ត​បច្ចេកវិទ្យា 4IR ទំនងជា​នឹង​ងើបឡើង​វិញ​លឿន​ជាង​មុន​ពី​ការ​វិបត្តិ ដែល បណ្តាលមកពី​ជំងឺ​រាតត្បាត​នេះ និង​មាន​ភាព​ធន់​ទៅ​ថ្ងៃ​អនាគត​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​នាំមក​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង និរន្តរភាព សម្រាប់​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក ហើយ​ស្របពេល​ជាមួយគ្នានេះ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ លុបបំបាត់​ភាព ទីទ័លក្រ​ផងដែរ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​អភិវឌ្ឍន៍ អាស៊ី គឺជា​កម្មសិទ្ធិ​របស់ ប្រទេស​ជា​សមាជិក​ចំនួន ៦៨ ក្នុងនោះ មាន​៤៩​ប្រទេស​នៅក្នុង​តំបន់​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×