ភ្នំពេញ៖ រថយន្តឡិចស៊ីសបែកកង់មុខ ទៅបុកបង្គោលភ្លើងធ្លាក់ត្រូវម៉ូតូមួយគ្រឿង រងរបួសម្នាក់ នៅវេលាម៉ោង១រសៀល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេតុគេឃើញ រថយន្តឡិចស៊ីស RX470 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ ពីជើងទៅត្បូងតាមបណ្តោយផ្លូវហាណូយ លុះមកដល់ចំណុចកើតហេតុ ក៏បានបែកកង់មុខខាងធ្វេង វេចង្កូតទៅឡើងសួនបុកបង្គោលភ្លើង បន្ទាប់មកបង្គោលភ្លើងបានបាក់និងធ្លាក់មកចំម៉ូតូមួយគ្រឿង ម៉ាកស៊ូសូគី ស្មាស់វី ដែលពាក់ផ្លាកលេខ ភ្នំពេញ 1BB-4031 បើកបរពីត្បូងទៅជើង ដោយរងរបួសបុរសម្នាក់។ ភ្លាមៗនោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ សម្រាកនិងព្យាបាលភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍របស់ខណ្ឌសែនសុខ បានមកដល់ទីតាំង ធ្វើការសួរនាំទៅលើម្ចាស់រថយន្ត ហើយរង់ចាំសមត្ថកិច្ច ចរាចរណ៍ក្រុង យករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយគ្នា ពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ ពន្លឺ និង ហេងវុត្ថា