ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេរោងចក្រផលិតទ្វារជ័រ និងពិតានមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យមនុស្ស ៤នាក់រងរបួស និងខូចខាតសម្ភារមួយចំនួន និងរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១៥និង៤០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពបន្តពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ជា ចាន់ណារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរម្ចាស់អាជីវកម្ម។ អគ្គិភ័យខាងលើបានឆាបឆេះឃ្លាំងស្តុកសម្ភារៈទ្វារជ័រ និងថ្នាំបៀក ដែលមានទំហំ ២០ គុណ ៤០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី បណ្ដាលឱ្យខូចខាតសម្ភារៈក្នុងឃ្លាំងមួយចំនួន។
មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ករណីនេះបណ្តាលឱ្យមនុស្សចំនួន ០៣នាក់ (ប្រុស) រងរបួសស្រាល។
អគ្គិភ័យខាងលើ បានរលត់ទាំងស្រុងទៅវិញ ដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ ចំណែកអ្នករងរបួសក្រោយព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានត្រឡប់ទៅកាន់លំនៅដ្ឋានរៀងខ្លួនវិញ៕ រក្សាសិទ្ធិដោយ៖សាមេត