ភ្នំពេញ ៖ បុរសម្នាក់រួមទាំងអ្នកដំណើរ២នាក់ទៀត បានបើករថយន្តដឹកទំនិញធុនធំទៅបុកពីក្រោយរថយន្តម៉ាកព្រូស ពេញទំហឹងបណ្តាឲ្យរងការខូចខាត រួចបន្តឡើងលើសួនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម។ ចំណែកតៃកុងរថយន្តបង្កវិញ បានបាក់ជើងឆ្វេងមួយចំហៀងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១១ និង៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2-AS 9229 បើកបរដោយបុរសម្នាក់ និងរួមដំណើ៤នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A1225 ធ្វើដំណើរពីក្រោយទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតមកបុកចំពីក្រោយរថយន្តព្រូសពេញទំហឹង រួចបន្តឡើងលើសួនទៅបុកបង្គោលភ្លើងបាក់មួយដើម ក្រឡាប់ផ្ងារជើងទៅមុខលែងរួច។ សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យភាគីម្ចាស់រថយន្តម៉ាកព្រូស និងអ្នករួមដំណើររងរបួសនោះទេ រងការខូចខាតតែរថយន្ត។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកដល់រួចបានប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុឲ្យយករថយន្តទាំងពីរគ្រឿង ស្ទូចយកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត