បាត់ដំបងៈឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ បានអំពាវនាវដល់យុវជន ដែលមានឱកាសសិក្សាតាមគ្រឹះស្ថានអប់រំនានា មិនត្រូវប្រព្រឹត្តិអំពើប៉ះពាល់ដល់ការសិក្សា ប៉ះពាល់គ្រួសារ ប៉ះពាល់សង្គមជាតិនិងបំផ្លាញអនាគតខ្លួនឯងនោះទេ។
ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល សិស្សអាហារូបករណ៍នៅស្រុកបាណន់ជិត៤០០នាក់ កាលពីរសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០២១។
ឯកឧត្តម សុខ ផល បានមានប្រសាសន៍ថា សិស្សនិស្សិតដែលមានឱកាសបានចូលរៀន ដល់ថ្នាក់ឧត្តមសិក្សា ត្រូវតែនាំគ្នាខិតខំរៀនសូត្រឲ្យបានចប់ ព្រោះពេលបញ្ចប់ការសិក្សាអាចរកការងារធ្វើតាមជំនាញរបស់ខ្លួន ឬក៏អាចរស់នៅក្នុងភាពជាបញ្ញវន្តឬក៏ជាអ្នកចេះដឹងមួយក្នុងសង្គម ដោយការរស់នៅឬកំពុងសិក្សានេះ ត្រូវគោរពច្បាប់របស់ប្រទេស មិនត្រូវប្រព្រឹត្តិអំពើអ្វីមួយប៉ះពាល់ដល់ការសិក្សារបស់ខ្លួន ដែលមិនអាចបន្តការសិក្សាបានទៀត ត្រូវចេះត្រិះរិះពិចារណាឲ្យបានម៉ត់ចត់មុននឹងធ្វើអ្វីមួយ ចៀសវាងមានបញ្ហាដល់ខ្លួនឯង គ្រួសារនិងសង្គមជាតិទាំងមូល។
ឯកឧត្តម សុខ ផល បានជំរុញដល់សិស្សនិស្សិតដែលជាប់អាហារូបករណ៍ ១០០ភាគរយ រយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សាថ្មី ត្រូវខិតខំពុះពាររៀនសូត្រឲ្យចប់ថ្នាក់សកលវិទ្យាល័យ តាមការចង់បានរបស់គ្រួសារ ថ្នាក់នាំដឹកនាំជាតិ ពិសេសខ្លួនឯងផ្ទាល់។
សិស្សនិស្សិតទើបបញ្ចប់ថ្នាក់ទី១២ ដែលក្នុងពេលទទួលអាហារូបករណ៍ បាននិយាយប្រាប់ថាពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្នុងពេលថ្នាក់ដឹកនាំបានគិតគូរពីអនាគតរបស់ពួកគេ ពិសេសអ្នកមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយបានផ្ដល់អាហារូបករណ៍ ដែលពួកគេចាត់ទុកថារាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំ មានគោលដៅខ្ពស់ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា ឬផលិតធនធានមនុស្ស សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតពីសំណាក់ឯកឧត្តម សុខ ផលនិងក្រុមការងារ ដោយឆ្នាំនេះមិនមែនជាឆ្នាំទី១នោះទេគឺឯកឧត្តម បានផ្ដល់ដល់និស្សិតជាច្រើនឆ្នាំមកហើយ ដែលនិស្សិតទាំងនោះ ខ្លះបានទៅរៀននៅសកលវិទ្យាល័យជាតិបាត់ដំបងនិងខ្លះទៀត ទៅសិក្សាតាមវិទ្យាស្ថានបច្ចេកទេសទាំង៣ក្នុងខេត្តផងដែរ៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ