ព្រះសីហនុ៖ តាមព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ មានករណីបាញ់ប្រហារមួយបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ក្រុងព្រះសីហនុ ។
នៅពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវករណីនេះ យ៉ាងយកចិត្តទុកដាក់ ។
សមត្ថកិច្ចខេត្តព្រះសីហនុឲ្យដឹងជាបឋមថា មានករណីផ្ទុះអាវុធពីជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនដូចគ្នា បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្ដាញផ្សព្វផ្សាយ ឲ្យដឹងជាបឋមថា ក្រោយកើតហេតុ លោកស្នងការបានបញ្ជាកម្លាំងជំនាញ ដោយមានកិច្ចសហការពីសមត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ខ្លួនជនបង្ក ក្នុងនោះរបាយការណ៍បឋមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្សយ័ដែលធ្វើសកម្មភាពបាញ់ប្រហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។
ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនោះឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ