ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “គេនៅមិនទាន់ប្រកាសថា កម្ពុជាអត់មានប្រផេះទេ គេមិនទាន់លុបប្រផេះចោលទេ ប៉ុន្តែខ្មៅប្រហែលជាមិនដល់ទេ ហើយយើងចង់បានឲ្យគេលុបប្រផេះចេញ”។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា យើងត្រូវធ្វើឲ្យកម្ពុជាទៅជាប្រទេសមួយដែលអត់ជាប់ពាក់ព័ន្ធទៅនិងបញ្ជីប្រផេះ នៃការលាងលុយកង្វក់ (លុយខ្មៅ) និងកុំឲ្យអាប់អោនកិត្តិយសនៅលើឆាកអន្តតរជាតិ។
សូមជម្រាបថា ដោយសារភាពខ្វះខាត នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានិភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ។
នៅក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាយើងទៅក្នុងបញ្ជីប្រផេះជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ត្រូវបានអនុម័តដោយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ មិថុនានេះ ក្នុងសម័យប្រជុំលើកទី៥ព្រឹទ្ធសភានីតិកាលទី៤នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
កម្ពុជាបានធ្វើសេចក្តីព្រាងក្របខណ្ឌគតិយុត្តទាក់ទងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងឆ្នាំ២០០៧។ តែក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ ដែលហៅកាត់ថា APG បានចុះមកវាយតម្លៃថានៅមានចំណុចខ្វះខាត ទើបនៅឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះជាលើកទី១។ ពេលនោះគេបានតម្រូវឲ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនេះ។ ហើយកម្ពុជាបានបំពេញបន្ថែមជាច្រើនទៀត ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។
ច្បាប់ស្ដីពីវិសោធនកម្មនេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀត FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈឆ្នាំ២០១៥។ប៉ុន្តែដោយសារ FATF ប្ដូរស្ទង់ដាររបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះ គឺប្រើស្ដង់ដារថ្មីនេះ គឺកម្ពុជានៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ភាពខ្វះចន្លោះនេះបានក្លាយជាមូលហេតុដាក់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩៕ រក្សាសិទ្ធិ ដោយ ៖ ចេស្តារ