ខេត្តបាត់ដំបង៖ដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ឯកឧត្តម W. Patric Murphy ទៅរោងម៉ាស៊ីនកិនស្រូវរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខេត្តបាត់ដំបង។
នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ នៅឯរោងចក្រអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន ជាពិសេស គឺគំរោងបំណាក់Siloស្តុកស្រូវនេះ គឺជាគំរោងទីមួយដែលប្រើប្រាស់ហិរញ្ញប្បទានរបស់ ធនាគារនាំចេញ និងនាំចូល របស់សហរដ្ឋអាមេរិច (USA-EXIM BANK) នៅកម្ពុជាសម្រាប់វិស័យស្រូវអង្ករ ដែលទទួលបានការជ្រោមជ្រែងតាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានផ្តល់ការសំណេះសំណាលដល់អ្នកចូលរួមមកពីសហគមន៍កសិកម្ម អាជ្ញាធរដែនដី និងបុគ្គលិកក្រុមហ៊ុនចំនួនប្រមាណ៥០នាក់ ដោយឯកឧត្តមអគ្គរដ្ឋទូតបានធ្វើចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាពិសេសទៅលើកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុននិងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាគំរូបង្ហាញតាមរយៈSilo ស្តុកស្រូវអង្ករបច្ចេកវិទ្យាស្តង់ដាររបស់សហរដ្ឋអាមេរិកនេះ។ ឯកឧត្តមអគ្គរដ្ឋទូតសង្ឃឹមបន្ថែមទៀតដែរថា ទៅថ្ងៃមុខ ក្រុមហ៊ុនឬរោងម៉ាស៊ីនផ្សេងទៀត ក៏នឹងអាចមានលទ្ធភាពចាប់យកឱកាសក្នុងកិច្ចសហការបែបនេះដូចគ្នាដែរ។ តាំងនាមឱ្យសហរដ្ឋអាមេរិកឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងថា សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករនេះ ដែលជាការចូលរួមជួយគាំទ្រធ្វើអោយ ភាពរុងរឿង និងនិរន្តរភាពនៃវិស័យកសិកម្មរបស់កម្ពុជា។
លោកសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានថ្លែងចំណាប់អារម្មណ៍អរគុណដល់ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលបានអញ្ជើញទស្សនកិច្ចរោងចក្រអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបងនេះ និងបានបង្ហាញអំពីលក្ខណៈពិសេសនៃ silo ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកនេះថា ជាការធានានូវស្តង់ដារគុណភាព និងពង្រីកនូវសមត្ថភាពក្នុងការទុកដាក់ ប្រកបដោយគុណភាព និងការប្រកួតប្រជែង។
ជាផែនការបន្តទៅមុខ ក្នុងការបន្តពង្រឹង និងធ្វើឱ្យវិស័យស្រូវអង្ករកាន់តែរីកចម្រើនទៅមុខទៀត លោកសុង សារ៉ន មើលឃើញពីសារៈសំខាន់នៃការផ្តល់ឥណទាននិងការគាំទ្រជាមូលនិធិផ្សេងៗ ដែលអាចគាំទ្រក្នុងចង្វាក់ផលិតកម្មស្រូវ ដែលអាចលក់ក្នុងការនាំចេញបាន ដែលរួមមាន បច្ចេកទេសក្រោយពេលច្រូតកាត់ ការស្តុកទុកដាក់ (តាមរយៈ Silo) និងការជំរុញឱ្យទីផ្សារសហរដ្ឋអាមេរិក មានភាពទូលំទូលាយតាមរយៈការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងតាមរយៈការបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅក្នុងពិព័រណ៌ផ្សេងៗ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋអាមេរិកនឹងបានស្គាល់ ក៏ដូចជាទទួលស្គាល់ឱ្យបានកាន់តែទូលំទូលាយនូវគុណភាពអង្ករកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ