តាកែវ ៖ នគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនស្ត្រីម្នាក់លួចម៉ូតូមួយគ្រឿង នៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង៥នាទី នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកឯបក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់។
អធិការនគរបាលស្រុកព្រៃកប្បាស បានបន្តថា ករណីលួចម៉ូតូគ្រឿងនេះ បង្កដោយជនសង្ស័យចំនួនពីរនាក់ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានចោរលួចម៉ូតូនៅត្រង់ចំណុចខាងលើភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះឃាត់ខ្លួនបានជនសង្ស័យបាន១នាក់ ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ធី ហៅឆាលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន) ។ ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានផ្លាកលេខ ទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1T-4909 របស់ជនរងគ្រោះឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលជនសង្ស័យទាំងពីរ ជិះធ្វើសកម្មភាពនោះ គឺជាម៉ូតូដែលពាក់ព័ន្ធនឹងអំពើលួចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី របស់ជនរងគ្រោះឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ច នាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើងដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ