ភ្នំពេញ៖ មនុស្សម្នាក់បានស្លាប់ និងមនុស្ស ២នាក់ ទៀតបានរងរបួសធ្ងន់និងស្រាល ក្រោយពីមានរថយន្ត Range Rover មួយគ្រឿងបើកមក បុករះបារាស់សមត្ថកិច្ច ហើយបន្តបុករះម៉ូតូចំនួន ៥គ្រឿង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ70 កែងផ្លូវK5 ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កដែលបើករថយន្តបុករះខាងលើនោះ មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ។ ចំណែកជនរងគ្រោះទី១-ឈ្មោះ តាន់ ម៉ូលី ភេទប្រុស អាយុ ៦០ឆ្នាំ (ស្លាប់) ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើត វត្តដំណាក់ ស្រុកសៀមរាប ខេត្តសៀមរាប បានជិះម៉ូតូ មួយគ្រឿង ម៉ាក Yamaha Sirius ពណ៌ខ្មៅ
ពាក់ស្លាកលេខ 1DT-0237។ ចំណែកឯជនរងគ្រោះទាំង ២នាក់ ដែលរងរបួសធ្ងន់ស្រាលនោះមិនត្រូវបានស្គាល់អត្តសញ្ញានៅឡើយទេ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុរថយន្តបង្ក មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-1314 បានបើកបរតាមបណ្តោយផ្លូវ R6 ក្នុងទិសដៅពីកើតទៅលិច ក៏បានបើកប៉ះម៉ូតូ មួយគ្រឿងហើយមិនឈប់ដោះស្រាយបានបើករត់គេចពីផ្លូវR6 ឡើងមកផ្លូវលេខ៧០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបានបើកបុករះបារាស់របស់សមត្ថកិច្ចដាក់ឃាត់រថយន្តបង្ក ភ្លាមៗនោះ រថយន្តមិនឈប់ក៏បានបើកមកមុខ ហើយបុករះម៉ូតូចំនួន ៥គ្រឿងទៀត បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន ២នាក់ ហើយមានម៉ូតូមួយគ្រឿង បានជាប់នៅពីមុខរថយន្តបង្ក ហើយអ្នកបើករថយន្តបង្កមិនព្រមឈប់ នៅតែបើកបន្តទៅមុខទៀតរហូតដល់ចំណុចស្តុបគល់អង្គតែន ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានបុករថយន្ត មួយគ្រឿងទៀតម៉ាក លុចស៊ីស RX400H ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4249 ដែលកំពុងឈប់ស្តុបនោះបណ្តាលអោយរងការខូចខាតផ្នែកខាងមុខ។
សាក្សីបន្តទៀតថា ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តព្យាយាមរត់គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ខ្លួនជនបង្កខាងលើបាន ក៏នាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់ បណ្តាលជនបង្កសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ រួចប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ និង ហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន។
ប្រភពបន្តទៀតថា ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តព្យាយាមរត់គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ខ្លួនជនបង្កខាងលើ បានក៏នាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់បណ្តាលជនបង្កសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ រួចប្រគល់អោយសមត្ថកិច្ចវាយខ្នោះ និងហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន។
តៃកុងឡានបង្កហេតុ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុធ្វើការវាស់វែង ប្រគល់ខ្លួនអ្នកបើកបរ រថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នា។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
រឺឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលចំនួន ២នាក់ ត្រូវបានដាក់តាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕ ដោយ៖បញ្ញាស័ក្តិ