ភ្នំពេញ÷បុរសវ័យចំណាស់ម្នាក់បានបើករថយន្តជ្រុលទៅបុករថយន្តstarex កំពុងរង់ចាំស្តុបពីក្រោយរងការខូចខាត មិនព្រមចុះដោះស្រាយរួចបន្តបើករត់ តែត្រូវសមត្ថកិច្ចចរាចរណ៍សហការជាមួយនិងកម្លាំងខណ្ឌ៧មករា តាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាក starex មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាលេខ ភ្នំពេញ 2-B 68 32 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងមកដល់ចំណុចកើតហេតុ កំពុងរងចាំស្តុបស្រាប់តែត្រូវរថយន្តMASDA មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-AM 78 66 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីក្រោយក្នុងទិសដៅពីត្បូងមកជើងដូចគ្នា បុកពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តstarex រងការខូចខាតផ្នែងខាងក្រោយ ហើយម្ចាស់រថយន្តបង្កមិនព្រមចុះដោះស្រាយ បន្តបើករត់គេចតែត្រូវសមត្ថកិច្ចខាងជំនាញចរាចរណ៍សហការជាមួយនិងកម្លាំងខណ្ឌ៧មករា តាមឃាត់បានទាំងរថយន្តនិងអ្នកបង្កនៅត្រង់ចំណុចផ្លូវ ១១១ ជាប់នឹងបេនឡានកាពីតូល រួចបានប្រគល់ឲ្យទៅខាងសង្កាត់ទន្លេបាសាក់ យកទៅកន្លែងកើតហេតុវិញដើម្បីដោះស្រាយជាមួយអ្នករងគ្រោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌចំការមន ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែង យករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត