ភ្នំពេញ ÷បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង មកដល់ផ្លូវកោងបួងចង្កូតលឿនពេកបណ្ដាលឲ្យក្រឡាប់ទូធ្លាក់ទៅលើចិញ្ចើមផ្លូវ សំណាងល្អមិនមានអ្នករងរបួសរងការខូចខាតតែរថយន្ត ចំណែកតៃកុងរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៏នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម
បណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកFUSU ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ3F 0141 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងនោះបានបួងចង្កូតប្រញាប់ពេក បណ្ដាលឲ្យក្រឡាប់ផ្ងារជើងចាក់ទូកុងតឺន័រចោលនៅទល់មុខធនាគារ ABA បណ្ដាលឲ្យបាក់បង្កាន់ដៃ និងខូចខាតផ្លូវថ្នល់ជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវស្នងការាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិ ដោយ ៖ សា មេត