ភ្នំពេញ ៖ ទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន CEN ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង៥,២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារ។
យោងតាមតារាងទិន្នន័យពាណិជ្ជកម្ម កម្ពុជា-អាមេរិក ពិនិត្យឃើញថា ពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ សម្រេចបានសរុបចំនួនជាង៥,៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤,៧១៣លានដុល្លារអាមេរិក។
គួរកត់សម្គាល់ថា ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកអាមេរិក នាំចូលមកកម្ឋបុជាវិញ មានដូចជា រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយ មាន ÷
– ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។
– ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។
– ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៤,៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN