បាត់ដំបង ៖ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណី រំលោភលើទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សយ កុសល់ ភេទប្រុស អាយុ ២៦ ឆ្នាំ ទីកន្លែងកំណើត ភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅ បច្ចុប្បន្នមិនពិតប្រាកដ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ វេលម៉ោង ១៤និង០០នាទី ននៅចំណុចមុខផ្សារទំនើបស្ថិតក្នុងភូមិ អញ្ចាញសង្កាត់ អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ ២១ ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង្ស័យបានជិះយកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ។
ដោយមិនមានសង្ឃឹមថា ជនសង្ស័យយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានម៉ូតូ ០១ គ្រឿងម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ លេខតួ-ម៉ាស៊ីន 5448212 ពាក់ផ្លាកលេខ ព្រះវិហារ 1D 6062 ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ