ភ្នំពេញ÷នារីស្រស់ស្អាតម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ត Alphard បើកទៅបុករួចកិនពីលើបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែកឯជនបង្កវិញត្រូវសមត្ថកិច្ចឃាត់បានវាយខ្នោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ៣ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៨ និង ១៥ នាទីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចទល់មុខបុរីប៉េងហួត ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះស្រី ហេង អាយុ២៦ ឆ្នាំ មុខរបរលក់សាច់ជ្រូកនៅផ្សារបឹងត្របែក មានទីលំនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីភាគីជនរងគ្រោះបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្ត ម៉ាក Alphard ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2-BJ 2004 បើកបដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយរថយន្ត MAZDA ពេញទំហឹងបណ្តាលឲ្យរងការខូចខាតមិនព្រមទទួលខុសត្រូវរួចបន្តព្យាយាមបើករត់ទៅមុខទៀតទៅបុករថយន្តម៉ាកកាមរីឆ្លាម និងម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យស្លាប់នារីម្នាក់និង៣នាក់ទៀតរងរបួសស្រាល។ចំណែកអ្នកបង្កត្រូវសមត្ថកិច្ច ឃាត់បានទាំងរថយន្តនិងតៃកុងទុកប្រគល់ឲ្យខាងជំនាញក្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកដល់រួចបានប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងនិងធ្វើកណត់ហេតុយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ។ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត