ភ្នំពេញ÷បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុបានបួងចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម ចំណែកតៃកុងរថយន្តរត់គេចខ្លួនបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ០០ និង ២០ នាទីយប់ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុគាត់បានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ ទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ 2-B 7707 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុស្រាប់តែបួងចង្កូតមិនផុតទៅបុកបង្គោលភ្លើងបាក់មួយដើមនិងសម្ភារធ្វើផ្ទះដូចជាឥដ្ឋមួយចំនួនទៀតរងការខូចខាត។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌមានជ័យចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិ ដោយ៖ សា មេត