ភ្នំពេញ÷បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបាក់រលំត្រូវម៉ូតូមួយគ្រឿងថែមទៀត បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងរងការខូតខាតស្ទើរទាំងស្រុងចំណែកឯតៃកុង និង ម្ចាស់ម៉ូតូរងបួសទាំង២នាក់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចស្ពានលេខ១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមព័ត៌មានពីសមត្ថកិច្ចបានប្រាប់ខាងសារព័ត៌មានCENឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកតូយូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-0317 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកដើមផ្កា ដោយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើង បាក់មួយដើម រលំត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាក GPX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-3415 បណ្ដាលឲ្យបុរសម្នាក់ដួលអូសជាច្រើនម៉ែត្ររងរបួសស្រាល ចំណែករថយន្តវិញក្រឡាប់ផ្ងារជើង រងការខូចខាតស្ទើរតែទាំងស្រុង រីឯតៃកុងរថយន្ត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌជ្រោយចង្វា ចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចរថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត