ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាប និងក៏ដូចសម្តែងនូវក្តីរន្ធត់ អាណិតអាសូរហួសថ្លែង ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ បណ្តាលឲ្យនារីដ៏ស្រស់សោភាម្នាក់ បានស្លាប់យ៉ាងអណោចអាធ័ម ដោយសារតែកុងឡានស៊េរីទំនើប AlPHARD ១គ្រឿង បើកបុកម៉ូតូនាងទាំងកម្រោល ខណៈព្យាយាមបើករត់គេច ក្រោយពីបានបង្កគ្រោះថ្នាក់ដល់រថយន្ត២គ្រឿងម៉ាកម៉ាស្តា និងកាមរីឆ្លាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពបានឲ្យដឹងថា នារីរងគ្រោះបានកំពុងជិះម៉ូតូម៉ាក Scoopy ធ្វើដំណើរទៅជួបគូដណ្តឹង ដើម្បីហូបអាហារជុំគ្នា ខណៈពេលនោះ ក៏ស្រាប់តែរថយន្តបង្ក AlPHARD ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹង បានបើកបុកម៉ូតូរបស់នាង និងម៉ូតូបុរស១គ្រឿងទៀត ហើយកិនលើនាងទាំងកម្រោល បណ្តាលឲ្យនាងស្លាប់យ៉ាងអាណោចអាធ័មទីបំផុត។ ប្រភពបន្តថា រថយន្តបង្កនេះបានបើកប៉ះរថយន្ត២គ្រឿងខាងលើ បណ្តាលរងការខូចខាតតិចតួច ប៉ុន្តែ មិនព្រមឈប់ដោះស្រាយ បែរជាបើករត់គេច ហើយស្លន់ទៅបើកបុកម៉ូតូជនរងគ្រោះតែម្តង។
នារីរងគ្រោះមានឈ្មោះ លឹម ស្រីហេង អាយុ ២៨ ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ចំណែកអ្នកបើកបរបង្កមានឈ្មោះ គួង ស៊ីថន អាយុ៤១ឆ្នាំ ( ឃាត់ខ្លួន ) មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តែអ្វីដែលធ្វើឲ្យយើងគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ គឺរថយន្តបង្កនេះដែលបានបុករះរថយន្ត២គ្រឿងឲ្យរងការខូចខាត និងបណ្តាលឲ្យនារីដ៏ស្រស់ស្អាតខាងលើស្លាប់ ធ្វើឲ្យក្រុមគ្រួសាររបស់នាងស្រែកទ្រហ៊ោយំស្រណោះសោកស្តាយស្ទើរសន្លប់គ្រប់គ្នា និងកំហឹងឈឺចាប់យ៉ាងខ្លាំងក្លា គឺមុននេះ២ថ្ងៃ រថយន្តនេះក៏បានបើករកប៉ះគេឯង ធ្វើឲ្យរថយន្ត១គ្រឿងកំពុងធ្វើដំណើរព្រលឹងចុងសក់។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chyly Tear បានបង្ហោះវីដេអូស្តែងៗ និងភ្ជាប់សារផ្តាំផ្ញើទៅរថយន្តបង្កនេះថា៖ «កំពុងស្តាប់ចម្រៀងស៊ីអារម្មណ៍ផង វាមកលេ ងឯងស្រស់ៗចឹងម៉ង Taxi PP 2BJ-2004 កុំយកជីវិតភ្ញៀវមកលេងសើចអី អត់សប្បាយទេ»។ ហើយក្រោយពីបានឃើញរថយន្តនេះ ស្រាប់តែបានបុករះរថយន្ត២គ្រឿង និងម៉ូតូ២គ្រឿង បណ្តាលឲ្យនារីម្នាក់ស្លាប់ ម្ចាស់គណនីខាងលើក៏បានបញ្ជាក់បន្ថែមថា៖ «កាល2ថ្ងៃមុនឡាននេះ ប៉ិះប៉ះខ្ញុំ តែថ្ងៃនេះ បានជិះបុកគេ ស្លាប់នៅចំការដូង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង