Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ​២០២០​កន្លងទៅ គ្រោះថ្នាក់​ចរាចរ​ណ៍​កើតឡើង​ចំនួន​៣,១៧៩​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​១,៦៤៦​នាក់ របួស​ចំនួន​៤,៦៨៦​នាក់​

​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សម្រាប់​ឆ្នាំ​២០២០ ។ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ករណី​គ្រោះថ្នាក់​ចរាច​រណ៍​បាន​កើតឡើង​ចំនួន​៣,១៧៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៦៤៦​នាក់ របួស​មាន​ចំនួន​៤,៦៨៦​នាក់​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ឲ្យ​ដឹងថា រយៈពេល​មួយឆ្នាំ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​របស់​កងក​ម្លាំ​ង​នគរបាល​ចរាចរណ៍​ផ្លូវគោក រួមសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដ៏ទៃទៀត គឺ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ក្នុងនោះ​ត្រួតពិនិត្យ​យានយន្ដ​សរុប ១​លាន​៧​សែន​គ្រឿង រួមមាន ម៉ូតូ​៦៥​ភាគរយ រកឃើញ​យានយន្ដ​ល្មើស​ចំនួន ៣៥៥,៨៨៥​គ្រឿង ស្មើនឹង​២០​ភាគរយ ដែល​បទល្មើស​ភាគច្រើន​មិន​ពាក់មួក​សុវត្ថិភាព​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បាន​បន្ថែមថា សម្រាប់​រថយន្ដ​ដែល​ល្មើស​ភាគច្រើន លើស​ល្បឿន​កំណត់ មាន​រហូតដល់​៦០​ភាគរយ ក្នុងចំណោម​រថយន្ដ​ល្មើស​ទាំងអស់​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់ថា ទាំងអស់នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​បន្ដ​ពិនិត្យឡើងវិញ ដើម្បី​ធ្វើយ៉ាងណា​រឹតបន្ដឹង​លើ​ករណីនេះ​។​

​ជាមួយនឹង​ភាពជោគជ័យ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​អះអាងថា ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ករណី​គ្រោះថ្នាក់​ចរ​រាច​ណ៍​បាន​កើតឡើង​ចំនួន​៣,១៧៩​លើក ថយចុះ​ចំនួន​៩៤២​លើក ស្មើនឹង​២៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៦៤៦​នាក់ ថយចុះ​ចំនួន​៣៣៥​នាក់​ស្មើនឹង​១៧​ភាគ ធៀប​នឹង​ឆ្នាំ​២០១៩ របួស​មាន​ចំនួន​៤,៦៨៦​នាក់ ថយចុះ​ចំនួន​១,៤៥៥​នាក់ ស្មើនឹង​២៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ បណ្ដាលមកពី​ល្បឿន ៣៣​ភាគរយ​, មិន​គោរព​សិទ្ធិ​២៤​ភាគរយ​, មិន​ប្រកាន់​ស្ដាំ​១៥​ភាគរយ​, ប្រជែង​គ្រោះថ្នាក់​១០​ភាគរយ​, បត់​ឆ្វេង ស្ដាំ មិន​ប្រយ័ត្ន ៩​ភាគរយ​, ស្រវឹង​៥​ភាគរយ​, កត្តា​យាន​៣​ភាគរយ និង​ងងុយ​១​ភាគរយ​។​

​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​គូសបញ្ជាក់ថា ទិសដៅ​បន្ដ​សម្រាប់ ឆ្នាំ​២០២១​នេះ ៖

​ទី​១-​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺ​នៅ​បន្ដ​រឹតបន្ដឹង​ច្បាប់​ដដែល ហើយ​ការ​រឹតបន្ដឹង​នេះ​ទៀតសោត គឺ​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​២-​បន្ដ​ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់ច្បាស់​អំពី​អ្វី​ទៅ​ដែលជា​កត្តា​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្វី​ទៅជា​កាតព្វកិច្ច ក្នុងការ​អនុវត្ត​ច្បាប់​ក្នុងការ​បើកបរ ក្នុងការ​បញ្ជា​យាន​របស់​អ្នកប្រើប្រាស់​ផ្លូវ​។​

​ទី​៣-​បន្ដ​ចូលរួម​ធ្វើ​វិសោធន៍កម្ម ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

​ទី​៤-​បន្ដ​ពង្រឹង​យន្ដការ​តាមដាន​របស់​សាធារណៈជន ដើម្បី​ប្រមូលយក​នូវ​ការរិះគន់ ការ​ផ្ដល់នូវ​មតិយោបល់​ក្នុងន័យ​ស្ថាបនា កែលម្អ​ឲ្យ​បាន​ទាន់ពេល​នូវ​ភាព​អសកម្ម​ជា​បុគ្គល​។​

​ទី​៥-​ខិតខំ​បន្ថែមទៀត ក្នុងការ​ពង្រឹងសមត្ថភាព​របស់​មន្ដ្រី​អ្នកអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​សមត្ថភាព​ទាំង​បច្ចេកទេស ទាំង​ច្បាប់ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ប្រតិបត្តិការ​របស់ខ្លួន​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

×