Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​មានការ​ប្រុងប្រយ័ត្ន​! កម្មវិធី​មេរោគ​ថ្មី​កំពុងតែ​រីក​រាលដាល​តាមរយៈ​ក​ម្ម​វិធី​ទំនាក់ទំនង​សង្គម WhatsApp

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​ទើបតែ​បាន​រកឃើញ​កម្មវិធី​មេរោគ​ថ្មី​សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​កម្មវិធី WhatsApp​។​

​វិធីសាស្ត្រ​នៃ​ការចម្លង​មេរោគ​នេះ​គឺ ពួកគេ​បាន​ប្រើ​មុខងារ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​កម្មវិធី WhatsApp​។ នៅពេលដែល​ទូរ​សព្ទ​ដែលមាន​មេរោគ​ទទួលបាន​សារ​តាមរយៈ​កម្មវិធី WhatsApp វា​នឹង​ឆ្លើយតប​ទៅ​អ្នក​ផ្ញើ​វិញ​ជាមួយនឹង​តំណ​ភ្ជាប់ ឱ្យ​បញ្ចូល​កម្មវិធី​កម្មវិធី​ក្លែងក្លាយ “Huawei Mobile” តាមរយៈ​គេហទំព័រ​ក្លែងក្លាយ​ដែលមាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​គេហទំព័រ Google Play Store​។​

​បន្ទាប់ពី​លោកអ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះ វា​នឹងធ្វើ​ការស្នើសុំ​ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​នេះ​ធ្វើឱ្យ​ទូរ​សព្ទ​លោកអ្នក​ក្លាយទៅជា​ឧបករណ៍ សម្រាប់​ចែកចាយ​មេរោគ បន្តទៅ​ទូរ​សព្ទ​ផ្សេងៗ​ទៀត​។ ជាងនេះទៅទៀត​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ​ថា មេរោគ​នេះ​ក៏​អាច​បន្ថែម​ស្គ្រី​ន​ទៅលើ​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់ៗ​ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​ជាដើម​។​

​បច្ចុប្បន្ន​កម្មវិធី​មេរោគ​នេះ​អាច​ចម្លង​តាមតែ​រយៈ​កម្មវិធី WhatsApp ប៉ុន្តែ​ជនខិលខូច​ក៏​អាចធ្វើ​ការកែសម្រួល​វា ដែល​អាចឱ្យ​ដំណើរការបាន​ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត​នៅពេល​អនាគត​។ ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូម​លោកអ្នក​កុំ​ធ្វើ​ការទាញយក​កម្មវិធី ពី​តំណ​ភ្ជាប់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ហើយ​លោកអ្នក​គួរតែ​ទាញយក​កម្មវិធី​តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ​ដែលមាន​នៅក្នុង​ទូរ​សព្ទ​ស្រាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×