Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ រឹបអូស​រថយន្ដ​រប​ស់​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ ចំនួន ៥៤​គ្រឿង ទៅ​ប្រគល់​ជូនទៅ​ម្ចាស់បំណុល​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន ព្រោះ​គ្មាន​លុយ​បង់​រំលស់​

​ភ្នំពេញ នៅ​ព្រឹក​ទី​២៥ ខែមករា ឆ្នាំ​២០២១ តុលាការក្រុង​ភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចុះទៅ​រឹបអូស​រថយន្ដ​របស់​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ ចំនួន ៥៤​គ្រឿង ដែល​ទិញ​បង់​រំលស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក យកទៅ​ប្រគល់​ជូនទៅ​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ទាំងអស់ ដោយសារតែ​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ​រំលោភ​កិច្ចសន្យា​ទិញ​លក់ ព្រោះ​គ្មាន​លទ្ធភាព​បង់​រំលស់​ឲ្យ​ទៅ​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន ។ ការចុះ​រឹបអូស​នេះ ធ្វើឡើង​នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​) ភូមិ​ជើងឯក សង្កាត់​ជើងឯក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាម​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​យោងតាម​ដីកា​សម្រេច​រក្សា​ការពារ ដែល​ចេញ​ដោយ​លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​
​ម្ចាស់បំណុល ៖ ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក តំណាង​ដោយ​ឈ្មោះ ព្រាប ឧ​ត្ត​ម ដែលមាន​អាសយដ្ឋាន​ចុះបញ្ជី​ស្ថិតនៅ លេខ ៩០E, Eo E៣ ផ្លូវ​លេខ Nw ១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មាន​អាសយដ្ឋាន បច្ចុប្បន្ន​ស្ថិតនៅ​ផ្ទះ​លេខ ២៦ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​អ្នកតំណាង​ដោយ​អាណត្តិ​ឱ្យ​ម្ចាស់បំណុល​៖ មេធាវី សេង ឈុនលី និង​លោក​មេធាវី ថន យូ​សៀង មាន​ការិយាល័យ នៅ​ក្រុម​មេធាវី កម្ពុជា​សហប្រតិបត្តិកា​រ​អន្តរជាតិ អាសយដ្ឋាន​ស្ថិតនៅ​អគារ ៨៥៣៥ ផ្លូវ​លេខ ១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សហ​កូនបំណុល ៖ ឈ្មោះ ជុំ សុវណ្ណ ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៩ ជនជាតិខ្មែរ អាសយដ្ឋាន​បច្ចុប្បន្ន​ទៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ និង ប្រពន្ធ​ឈ្មោះ ឃឹម ចិន្តា ភេទ​ស្រី កើត​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៨៦ ជនជាតិខ្មែរ មាន​អាសយដ្ឋាន​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។​

​ក្រុមហ៊ុន ចិន្តា សុវណ្ណ ត្រេ​ន​ស្ព​ត ឯ​.​ក មាន​អាសយដ្ឋាន​នៅ​មហោស្រប​ចេនឡា ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​កម្មវត្ថុ​៖ ស្នើ​សុំឱ្យ​តុលា​ការចេញ​ដីកា​សម្រេច​រក្សា​ការពារ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖ ១. បង្គាប់​ឱ្យ​សហ​កូនបំណុល​ឈ្មោះ ជុំ សុវណ្ណ ឈ្មោះ យី​ម ចិន្តា និង​ក្រុមហ៊ុន ចិន្តា សុវណ្ណ ត្រេ​ន​ស្ត័​ត ឯ​.​ក និង​តតិយជន ប្រគល់ឱ្យ​ម្ចាស់បំណុល ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក តំណាង​ដោយ​ឈ្មោះ ព្រាប ឧ​ត្ត​ម ដែល​នូវ​រថយន្ត​ចំនួន ៥០ (​ហាសិប​) គ្រឿង ដែលមាន​អត្តសញ្ញាណ​ដូច​មានភ្ជាប់​ជូន​ក្នុង​ឧ​ប​ស័​ម្ព​ន្ធ​ស្តីពី​អត្តសញ្ញាណ​រថយន្ត ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក ជុំ សុវណ្ណ ប្រធាន​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹក​អ្នកដំណើរ ចាត់ទុកថា​ទង្វើ​របស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក (​លក់​រថយន្ដ​បង់​រំលស់​) ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​រឹបអូស យក​រថយន្ដ​ចំនួន ៥៤​គ្រឿង ដែល​គាត់​បាន​ទិញ​រំលស់​យកទៅ​វិញ ដោយ​មិនបាន​យោគយល់​ក្នុង​សម័យកាល​កូ​វីដ គឺជា​រឿង​អយុត្តិធម៌ និង​គួរឱ្យ​សោកស្ដាយ​បំផុត ។​

​លោក ជុំ សុវណ្ណ បាន​រៀបរាប់ថា នៅ​អំឡុង​ចុងឆ្នាំ​២០១៨ ខ្លួន​បាន​ទិញ​រំលស់​រថយន្ដ​ប្រភេទ​ទេសចរណ៍ ១៥​កៅអី​, ២៥​កៅអី និង​៤៥​កៅអី ចំនួន ៥៤​គ្រឿង ពី​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដើម្បី​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ ក្នុងតម្លៃ​សរុប ១,៧០០,៩៧៨.១៥​ដុល្លារ​។ នៅក្នុង​លក្ខខណ្ឌ​ទិញ​រំលស់​រថយន្ដ​ទាំង ៥៤​គ្រឿង​នោះ លោក ជុំ សុវណ្ណ បាន​បង់ប្រាក់​កក់​ចំនួន​២០​ភាគរយ សរុប​ប្រមាណ​ជាជាង ៥០០,០០០​ដុល្លារ និង​បាន​បង់ប្រាក់​ដើម​រំលស់ និង​ការប្រាក់​ជា​បន្ដបន្ទាប់រ​ហូត​មក​ពុំដែល​អាក់ខាន​នោះទេ ដែល​សរុប​ប្រមាណ​ជា​ជិត ៥០០,០០០​ដុល្លារ​បន្ថែមទៀត សរុប​ទាំងអស់​ជិត ១,០០០,០០០​ដុល្លារ​។ លុះដល់​ដើ​ម្ប​ឆ្នាំ​២០២០ ដោយសារតែ​ពិភពលោក និង​កម្ពុជា ជួបប្រទះ​បញ្ហា ដោយសារ​វិបត្តិ​កូ​វីដ​ក្រុមហ៊ុន ចិន្ដា សុ​វណ្ណា ក៏​ទទួលរង​ឥទ្ធិពល​អាក្រក់​នេះ និង​ពុំ​អាច​ប្រតិបត្តិការ​អាជីវកម្ម​បាន និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ការពារ​ការឆ្លង​រីក​រាលដាល​របស់​ជំងឺ​កូ​វីដ ទើប​ពុំមាន​ប្រាក់ចំណូល ពោលគឺ​ត្រូវ​បញ្ឈ​រថយន្ដ​ចោល​ដោយ​គ្មាន​ប្រាក់ចំណូល ប៉ុន្តែ​ត្រូវ​ចិញ្ចឹម​បុគ្គលិក​ជិត ២០០​នាក់​រាល់ថ្ងៃ ទើប​ពុំ​អាចមាន​លទ្ធភាព​បង់ប្រាក់​ដើម​រំលស់ និង​ការប្រាក់​ជូន​ម្ចាស់បំណុល​តាម​ពេល​កំណត់​។ នៅក្នុង​អំឡុងពេល​វិបត្តិ​កូ​វីដ ដែល​អូសបន្លាយ​ជាច្រើន​ខែ​នោះ លោក​ព្យាយាម​សុំ​ការយោគយល់​ពី​ម្ចាស់បំណុល និង​សុំ​ប្រគល់​រថយន្ដ​ខ្លះ​ត្រឡប់​ទៅវិញ​ដើម្បី​កាត់​រំលស់​បំណុល ប៉ុន្តែ​ភាគី​ម្ចាស់បំណុល​មិន​យល់ព្រម​។ លុះដល់​ព្រឹក​ទី​២៥ ខែមករា ឆ្នាំ​២០២១ តុលាការ ចុះទៅ​រឹបអូស​រថយន្ដ​របស់​ក្រុមហ៊ុន​លោក​ដែល​ទិញ​រំលស់​នោះ ប្រគល់​ជូនទៅ​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ទាំងអស់​។ ការចុះ​រឹបអូស​នេះ ធ្វើឡើង​នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​) ភូមិ​ជើងឯក សង្កាត់​ជើងឯក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាម​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

លោក ជុំ សុវណ្ណ បាន​ទទួលស្គាល់ថា ពិតជា​ពុំមាន​លទ្ធភាព​បង់ប្រាក់​ដើម​រំលស់ និង​ការប្រាក់​ជូន​ម្ចាស់បំណុល​ជាច្រើន​ខែ​មែន ប៉ុន្តែ​មិនមែន​លោក​មិន​ចង់​បង់​នោះទេ​គឺ​ដោយសារតែ​វិបត្តិ​កូ​វីដ រដ្ឋាភិបាល​ផ្អាក​សកម្មភាព​វិស័យ​ទេសចរណ៍ និង​គ្មាន​អ្នកធ្វើដំណើរ​តាម​រថយន្ដក្រុង​នោះទេ ម្យ៉ាង​លោក​ត្រូវ​ចិញ្ចឹម​បុគ្គលិក​ជិត ២០០​នាក់​។​

​លោក ជុំ សុវណ្ណ ប្រធាន​ក្រុមហ៊ុន ចិន្ដា សុវណ្ណ ថ្លែងថា បើ​ម្ចាស់បំណុល និង​តុលាការ​រឹបអូស​យក​រថយន្ដ​ទាំង ៥៤​គ្រឿង​នោះ​ទៅវិញ ក៏​គួរតែ​ផ្ដល់ប្រាក់​កក់​មុន និង​ប្រា​ក់បង់​រំ​សល់​ដើម​តម្លៃ​ឡាន​មក​លោក​វិញ​ខ្លះ ទើប​យុត្តិធម៌ ប៉ុន្តែ​ផ្ទុយទៅវិញ បែរជាយក​ទាំង​ឡាន យក​ទាំង​លុយ​ទាំងអស់ អស់រលីង បើ​លុយ​ក៏​អស់ ឡាន​ក៏​គេ​យកទៅ​វិញ​ទទេ​បែបនេះ​។ តើ​វិស័យ​ឯកជន​ដែល​កំពុង​រងគ្រោះ​ព្រោះ​កូ​វីដ​១៩​ផង និង​រងគ្រោះ​ព្រោះ​ម្ចាស់បំណុល​ផង​អាចមាន​ជីវិត​រស់​ទៅមុខទៀត​បានទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×