ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទាក់ទិននឹងការរៀបចំធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចផ្តល់ជំនួយបន្ថែមថវិកា ចំនួន ៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន។
ក្នុងចំណោមថវិកាចំនួន ៣០០លានរៀលនេះ ត្រូវចែករំលែកទៅ ខេត្តឧត្តរមានជ័យ ចំនួន ២០០លានរៀល និងខេត្តប៉ៃលិន ចំនួន ១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាលរៀបចំផ្ទេរជូនរដ្ឋបាលខេត្តទាំងពីរនេះរួចរាល់ហលយ ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។
គួររំលឹកផងដែរថា ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ជាខេត្តជាប់ព្រំដែនកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញពលករខ្មែរជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ-១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ផងដែរដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
មន្ត្រីនៃក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ពលករខ្មែរមានចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែនក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN