តាមអង្គការសហប្រជាជាតិ ការនេសាទសមុទ្រប្រមាណ ៥៨,១% គឺជាការនេសាទបំផ្លាញផលសមុទ្រឲ្យផុតពូជ ហើយ ៣១,៤% គឺជាការធ្វើអាជីវកម្មលើសពីច្បាប់អនុញ្ញាត។
ចំណុចពណ៌លឿងជាតំបន់ដែលមានសកម្មភាពនេសាទសមុទ្រខ្លាំងបំផុតលើពិភពលោក
សមុទ្រ និងមហាសមុទ្រគ្រប់ដណ្តប់ប្រមាណ ៧០% នៃភពផែនដី ក្នុងនោះមនុស្សបានធ្វើការនេសាទលើផ្ទៃសមុទ្រប្រមាណ ៥៥%។ តួលេខនេះ ច្រើនលើស៤ដង ប្រៀបនឹងផ្ទៃដីដែលមនុស្សប្រើប្រាស់សម្រាប់ការដាំដុះនិងចិញ្ចឹមសត្វ ពោលគឺវាអត្រា ៣៤%លើដែនដីគោក។
តួលេខស្ថិតិដែលបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្ត្រ Science សំដៅព្រមានស្ថានភាពនេសាទត្រីហួសហេតុ ពិសេសគឺនៅតាមតំបន់សមុទ្រអន្តរជាតិ ដែលជាយូរយារណាស់មកហើយគេពិបាកនឹងគ្រប់គ្រងបាន។
តាំងពី ១៥ឆ្នាំមុនមកទល់ពេលនេះបណ្តានាវានេសាទពាណិជ្ជកម្មសុទ្ធតែបានបំពាក់ប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិ ជួយឲ្យនាវាទាំងអស់នោះចៀសផុតពីការប៉ះទង្គិចគ្នាលើផ្ទៃសមុទ្រ។ អាស្រ័យដោយប្រព័ន្ធកំណត់ទីតាំងនេះ ទើបអ្នកវិទ្យាសាស្ត្រអាចដឹងបានពីចំនួននាវានេសាទកំពុងធ្វើប្រតិបត្តិការពាសពេញពិភពលោក។ ផ្តើមចេញពីនោះដែរក៏ជួយឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកវិធានការដើម្បីធ្វើតុល្យភាពប្រព័ន្ធជីវសាស្ត្រចំរុះក្នុងបរិស្ថានសមុទ្រ។
តាមរយៈកុំព្យូទ័រ ពួកអ្នកវិទ្យាសាស្ត្របានតាមឃ្លាំមើលទីតាំងចំនួន ២២ពាន់លានកន្លែង ដែលនាវានេសាទចំនួន ៧.០០០ពាន់គ្រឿង នៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ រួចយកទិន្នន័យទាំងនោះមករៀបចំជាផែនទីបង្ហាញឲ្យឃើញការនេសាទនៅតាមមហាសមុទ្រ។ ផែនទីនេះ បានបង្ហាញឲ្យឃើញសម្មភាពនេសាទភាគច្រើន ប្រព្រឹត្តទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស របស់ប្រទេសនីមួយៗ ដែលមានទំហំប្រមាណ ២០០ម៉ាយល៍ ប្រមាណ ៣៧០គីឡូម៉ែត្រ គិតពីឆ្នេរសមុទ្រមក។
ទន្ទឹមនោះក៏មាន “ចំណុចក្តៅ” ជាច្រើនដែលពួកគេនេសាទក្នុងតំបន់សមុទ្រអន្តរជាតិ។ កន្លែងដែលកុះករបំផុតរួមមានតំបន់សមុទ្រប៉ែកអាគ្នេយ៍ អាមេរិកខាងត្បូង តំបន់ប៉ែកខាងកើតប្រទេសចិន អាហ្វ្រិកខាងលិច អឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។
តាមតួលេខស្ថិតិខាងលើដដែល ដោយឡែកក្នុងឆ្នាំ ២០១៦ បណ្តានាវាដែលត្រូវគេឃ្លាំមើលឃើញថា វាបានធ្វើការនេសាទ ៤០លានម៉ោង លើផ្ទៃសមុទ្រ ហើយមានរយៈចម្ងាយប្រមាណ ៤៦០លានគីឡូម៉ែត្រ។
ប្រទេសចិននាំមុខគេអំពីចំនួននាវានេសាទខុសច្បាប់
ប្រការដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមានប្រទេស និងដែនដី ៥ ៖ ចិន អេស្ប៉ាញ តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន មាននាវានេសាទអន្តរជាតិដល់ទៅ ៨៥% នៃចំនួននាវានេសាទអន្តរជាតិ សរុបទូទាំងពិភពលោក។
បរិមាណផលអាជីវកម្មនេសាទក្រៅតំបន់អធិបេតយ្យភាពរបស់ប្រទេសនីមួយៗនិងការនេសាទមិនស្របច្បាប់រំពឹងថា នឹងកើនឡើងព្រោះតែស្ថានភាពបម្រែបម្រួលធាតុអាកាស ការដែលទឹកសមុទ្រកើនឡើងខ្ពស់ ជះឥទ្ធិពលទៅលើសុវត្ថិភាពស្បៀង។
តាមកាសែត The Washington Post ឲ្យដឹងថា ឆ្នាំ ២០១៤ អាមេរិកបាននាំចូលត្រី ពីបណ្តាប្រទេស ប៉ុន្តែបរិមាណត្រីប្រមាណពី ២០ ទៅ៣២% គឺជាត្រីដែលនេសាទខុសច្បាប់។ ចំណែកអង្គការស្បៀងអាហារ និងកសិកម្ម អង្គការសហប្រជាជាតិ (FAO) ឲ្យដឹងថា បច្ចុប្បន្ននេះ មានការធ្វើអាជីវកម្មនេសាទហួសពីច្បាប់អនុញ្ញាតដល់ ៣១,៤% ហើយការនេសាទត្រីនៅមហាសមុទ្រប្រមាណ ៥៨,១% ប្រព្រឹត្តទៅតាមរបៀប “នេសាទធ្វើឲ្យផុតពូជត្រី”។
អតីតប្រមុខការទូតអាមេរិក John F.Kerry បានសម្តែងនូវកង្វល់ប្រាប់ The Washington Post នេះគឺជាបញ្ហាធ្ងន់ធ្ងរណាស់យើងចាំបាច់ត្រូវធនាបរិស្ថានសមុទ្រស្ថិរភាព ដើម្បីឲ្យសភាវៈរស់នៅទីនោះបានគង់វង់ និងស្ថិតស្ថេរយូរអង្វែង៕ ចន្ទ្រា