ភ្នំពេញ៖ ម្ដាយចុងចិត្តអប្រិយ តែងរករឿងកូនស្រីរាល់ថ្ងៃ លើកយកកាំបិតកាប់ក្បាលកូននាងបណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរសៀល ប៉ុន្តែភ្ញាក់ផ្អើលឆោឡោខ្លាំងនៅវេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី២៥ខែមករា ឆ្នាំ២០២១ នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កូនស្រីចុងរងគ្រោះ មានឈ្មោះ ស្រីពេជ្រ (អ្នកជិតខាង ហៅស្រីពេជ្រៗ) អាយុ២៨ឆ្នាំ។ ចំណែកជនបង្កត្រូវជាម្ដាយចុង គេហៅម៉ែអាស៊ាង , ឯប្ដី គេហៅ ប៉ាអាស៊ាង។
ប្រភពព័ត៌មានពីស្ដ្រីម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ អង្គភាពសារព័ត៌មានCEN ថាស្ដ្រីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះតែងតែប្រើហិង្សាសារវាយធ្វើបាបស្ទើរាល់ថ្ងៃច្រើនឆ្នាំខែមកហើយ តែមិនដែលមានអ្នកណាម្នាក់ហ៊ានជួយនោះទេ បានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះ ទើបមកដល់ថ្ងៃកើតហេតុខាងលើដោយស្ដ្រីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់ក្បាលនារីរងគ្រោះហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះ មួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមកចុះជួយអន្តរាគមន៍តែម្ដង។
ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្ដ្រីជាម្ដាយចុងយកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់នេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ តែបានត្រឹមដឹងថា មុនពេលកើតហេតុ នារីរងគ្រោះអង្គុយធ្វើត្រីសុខៗស្រាប់តែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីដៃពីនារីរងគ្រោះកាប់ចំក្បាលហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេក ទើបម្ដាយចុងកំណាចនេះ នឹកភ័យខ្លាចច្បាប់ចាត់ការ ក៏ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅចំណុចទីតាំងកន្លែងកើតហេតុក៏បានសំណូមពរដល់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយក្មេងស្រីរងគ្រោះផង និងដាក់ទោសអូសដំណើរម្ដាយចុងអាក្រក់រូបនេះ ឲ្យតឹងរ៉ឹងតាមច្បាប់។
ចំណែកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាកាបទី១វិញ តាមប្រជាពលរដ្ឋបាននិយាយ ឲ្យដឹងថា ឃើញទៅអើតមើលភាពឆោឡោមួយភ្លែតដែរ នាយប់កើតហេតុ ប៉ុន្តែអត់បានចាត់ការទៅលើមនុស្ស ឬក៏សាងសំណុំរឿងអ្វីនោះទេ លុះព្រឹកឡើងទើបនិយាយសួរអ្នកសារព័ត៌មានថាមាមដឹងថា គេយកនារីរងគ្រោះជាកូនចុង ទៅព្យាបាលនៅមន្ទីរពេទ្យណាទេ ? ហើយនិយាយថាយប់មិញអត់បានកសាងសំណុំរឿងឬឃាត់ខ្លួនមនុស្សព្រោះថា មកពីប្តីដែលជាឪពុកបង្កើតរបស់នារីរងគ្រោះមិនបានប្ដឹង។
ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើស្មារតីច្បាប់ និងនីតិវិធីច្បាប់ ទង្វើនិងអង្គហេតុការណ៍ខាងលើនេះ គឺជាបទល្មើសជាក់ស្ដែង “បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ជាបទល្មើសព្រហ្មទណ្ឌ ជាប់បណ្ដឹងអាជ្ញា បញ្ញត្តិត្រង់ មាត្រា ២១៩ ត្រូវផ្ដន្ទាទោសជនបង្កពី ២ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានទៅ ១០ លានរៀល៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN