Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម ដែល​រំលោភ​សម្លាប់​នារី​ម្នាក់ ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​

​កោះកុង​៖ នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ដែល​រំលោភ​សម្លាប់​នារី​ម្នាក់​។ ករណី​រំលោភ​សន្ថវៈ និង​សម្លាប់​នារី​ម្នាក់ កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច ចំណោត​ដីខ្មៅ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង​។​

​លោក​វរសេនីយ៍ឯក ឡាយ ទី​រ៉ូ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង គូសបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៦ មករា ២០២១​ថា សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ចំណាយពេល​អស់​ជាង​៣០​ម៉ោង​ទើប​ចាប់​ឃាត់​ជនសង្ស័យ​បាន​។ ជនសង្ស័យ​ឈ្មោះ អ៊ូ អា​រី​ហ្វី​ន ហៅ ហ៊ីម សា​អាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​ជា​កម្មករ​រោងចក្រ​KKN1 រស់នៅ​បន្ទប់​ជួល ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ មាន​ស្រុកកំណើត​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ​។ រីឯ​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ឆ​.​ស​.​វ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​KKN4 ទីកន្លែង​កំណើត នៅ​ស្រុក​បូ​ទុម​សាគរ​។​

​លោក​វរសេនីយ៍ឯក បន្តថា ជនរងគ្រោះ​ស្គាល់​ជនសង្ស័យ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រយៈពេល​មួយខែ​មកហើយ លុះ​ល្ងាច​ថ្ងៃទី​២៣ មករា កន្លងទៅ នារី​រងគ្រោះ​នឹក​កូនប្រុស​អាយុ​២​ឆ្នាំ នៅ​ឃុំ​អណ្តូងទឹក​ដោយ​ចង់​ទៅលេង ព្រោះ​ស្អែក​ជា​អាទិត្យ​ឈប់សម្រាក​ពី​ការងារ​។ តាម​ចម្លើយសារភាព​ជនសង្ស័យ ពេល​ដឹង​បែបនេះ ជនសង្ស័យ​ក៏​ធ្វើ​ស្ម័គ្រចិត្ត​ឌុប​ជូន​នាង​ទៅ ដោយ​ចាប់ផ្តើម​ធ្វើដំណើរ​ចេញពីផ្ទះ​ជួល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ម៉ោង​៥​ល្ងាច លុះដល់​ចំណោត​ដីខ្មៅ​ក៏​ជនសង្ស័យ​សកម្មភាព​រំ​លោភ ច្របាច់ក វាយ​ទៅលើ​ផ្ទៃមុខ​នារី​រងគ្រោះ រួចហើយ​យក​អាវ​ចងក​អូស​ទៅ​ផ្លុ​ង​ចោល​ក្នុងព្រៃ​តែម្តង​។​

​ក្រោយ​ការ​ផ្តល់ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ និង​បទបញ្ជា​ស៊ើបអង្កេត​តាមដាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ក្រុម​សមត្ថកិច្ច ក៏​ចុះ​ឃាត់​ខ្លួ​ជនសង្ស័យ​បានសម្រេច កាលពី​រសៀល​ថ្ងៃទី​២៥ មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​។​

​វត្ថុតាង​ដកហូត​មាន​ម៉ូតូ ZoomerX ២០១៩ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ ម៉ូតូ​២​គ្រឿង ថវិកា​៤​ម៉ឺន​រៀល​។ ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង បញ្ចូនទៅ​អនុវត្ត​នីតិវិធីតុលាកា​រ នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៦ មករា ២០២១​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×