ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តធុនធំ ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកក បណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AJ 1835 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ 3A-0586 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីក្រោយស្របគ្នា ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តគាត់ក្រឡាប់ផ្ងារជើង។ សំណាងល្អមិនមានរងរបួសទៅដល់អាយុជីវិតនោះទេ រងការខូចខាតតែរថយន្តទាំងសងខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះសហការជាមួយនិងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់ជួយធ្វើការសម្របសម្រួល ដោយភាគីបង្កមិនចង់វែងឆ្ងាយព្រមសងសំណង ៥០០$ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត