ភ្នំពេញ៖ ស្រីស្អាតម្នាក់បើករថយន្តក្នុងល្បឿនលឿន បានរេចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យដាច់ចេញពីគ្នា ចំណែកម្ចាស់រថយន្តបង្កព្យាយាម បើករត់មិនព្រមទទួលខុសត្រូវតែសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ និង ៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តបង្កខាងលើម៉ាក lexsRX330 មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2-AM 4098 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូរ៉ឺម៉កសណ្តោង ពាក់ផ្លាកលេខភ្នំពេញ 1-AP 4410 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលម្ចាស់រ៉ឺម៉ក និងអ្នករួមដំណើរ២នាក់ទៀត រងរបួសធ្ងន់ និងស្រាលត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់ធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត