ភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុក Medical news for Cambodia កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានបង្ហោះចែករំលែកនូវការយល់ដឹង និងគួរតែបញ្ឈប់ធ្វើវិធីមួយនេះ ដែលស្ទើរតែគ្រប់ឪពុកម្តាយមានជំនឿតាំងពីសម័យដើមមក។
ក្នុងនោះ ទំព័រហ្វេសប៊ុកខាងលើ បានធ្វើការពន្យល់ពីលទ្ធផលនាំទុក្ខ ចំពោះកុមារដែលត្រូវបានឪពុកម្តាយពាក់ខ្សែសីម៉ានៅដៃ ជើង ឬ ក យ៉ាងដូច្នេះថា៖ «ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផងដែលជាហេតុនាំឲ្យក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម(ជាញឹកញាប់បំផុតធ្វើឲ្យក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគដែលជំងឺទាំងអស់នេះ អាចនាំឲ្យមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។
ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រឹតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទម្លាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។ ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។
ក្មេងជាទំពាំងស្នងឫស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយ តើប្រទេសយើងនឹងរីកចម្រើនទៅថ្ងៃមុខយ៉ាងម៉េចនឹងកើតទៅ!!!?????»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង