ភ្នំពេញ ៖ ក្នុងនាមជាមន្ត្រីសមត្ថកិច្ច ចៀសវាងការជួបប្រយុទ្ធជាមួយជនល្មើស ឬថាជនល្មើសតដៃ ស្រាប់តែមន្ត្រីសមត្ថកិច្ចបែរជាដំឡូងមូលសុទ្ធ ក៏មិនកើតដែរ ដូច្នេះ រសៀថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកវគ្គហ្វឹកហាត់ក្បាច់គុនការ៉ាតេដូ ដល់មន្ត្រីអន្តរាគមន៍ សរុបចំនួន ៥០នាក់ (ស្រី៤នាក់) ដោយត្រូវហ្វឹកហាត់រយ:ពេល៦ខែ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ពិធីបើកវគ្គហ្វឹកហាត់ក្បាច់គុននេះ ចូលរួមដោយ លោកសាស្ត្រាចារ្យ សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។
ជាមួយគ្នានេះដែរ លោក សាមឺឌី ស៊ីវឌ្ឍនា បានឡើងប្រគល់សញ្ញាប័ត្រខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ ជូនដល់ ឧត្តមសេនីយ៍ឯក ស ថេត និងបានថ្លែងប្រាប់អ្នកហ្វឹកហាត់ថា សាលាការ៉ាតេដូនៅកម្ពុជា គឺជាសមាជិកការ៉ាតេដូពិភពលោក ជាពិសេស មានការទទួលស្គាល់ពីប្រទេសជប៉ុន។
ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងអំណរគុណដល់ លោកអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជួយដឹកនាំលោក លោកស្រីគ្រូបហ្វឹកមកជួយហ្វឹកហាត់ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានសុខភាពល្អ ការពារខ្លួន ក៏ដូចជាងាយស្រួលក្នុងការចេញប្រតិបត្តិការណ៍បង្ក្រាបបទល្មើសផ្សេងៗ។
ឧត្តមសេនីយ៍ឯក ស ថេត បាន ថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តួចផ្តើមគំនិតដើម្បីឲ្យមានការរៀបចំនូវការហ្វឹកហាត់ក្បាច់គុមការ៉ាតេដូ នេះ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN