តាកែវ ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ត្រូវបានភ្លើងឆេះអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលទាំងយប់នៅស្រុកអង្គរបូរី។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលម្ចាស់ផ្ទះឈ្មោះ ស្រូយ ភឿន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ អឹម ឃឿន អាយុ ៤០ឆ្នាំ។
ម្ចាស់ផ្ទះបានរៀបរាប់ថា ពេលកំពុងលង់លក់នឹងដំណេកកកើតមានអគ្គិភ័យ ដែលករណីនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ។ គាត់បន្តថា ចំពោះការខាត់បង់ក្រៅពីផ្ទះមួយខ្នង នៅមានទ្រព្យសម្បត្តិសរុបជាប្រាក់ប្រហែលជា១លាន៥០ម៉ឺនរៀលទៀត។
លោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុកអង្គរបូរី បានឲ្យដឹងដែរថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារភូមិ និងប្រជាពលរដ្ឋក្បែរៗនោះ បានចេញជួយអន្តរាគមន៍ ក្នុងនោះកម្លាំងបានប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបអគ្គិភ័យខាងលើរលត់ជាស្ថាពរ មិនឆេះឆ្លងរាលដាលដល់ផ្ទះក្បែរខាង ដោយប្រើពេលមួយម៉ោងកន្លះ ក្នុងការទប់ស្កាត់ហេតុការណ៍អគ្គិភ័យនេះបាន ៕ រក្សាសិទ្ធិដោយ៖តាកែវ