បាត់ដំបង ៖ កម្លាំងចម្រុះនៅសំពៅលូន បានដុតបំផ្លាញចោលសាច់មាន់និងគ្រឿងក្នុងមាន់ខូច គុណភាពមាន សាច់មាន់ ឆ្អឹងមាន់និងគ្រឿងក្នុងមាន់ចំនួន៥ការ៉ុង ស្មើនឹង ២៥០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានស្ទាក់ចាប់បាន ខណៈដែលក្រុមឈ្មួញនាំទំនិញទាំងនេះ លបឆ្លងដែនចូលតាមច្រករបៀង ចេញពីប្រទេសថៃចូលមកកាន់ទឹកដីកម្ពុជា។
ក្នុងកិច្ចប្រតិបត្តិការដុតបំផ្លាញចោលសាច់មាន់ខូចគុណភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បន្ទាប់ពី ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ការស្ទាក់ចាប់ សាច់មាន់ ឆ្អឹងមាន់ និងគ្រឿងក្នុងមាន់ខូចគុណភាព នេះគឺមានអាជីវករម្នាក់ឈ្មោះ ផេន សម្បត្តិ ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានលួចនាំចូលពីប្រទេសថៃមកកម្ពុជា តាមច្រករបៀងក្នុងទឹកដីស្រុកសំពៅលូន ដោយខុសច្បាប់។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានប្រាប់ឲ្យដឹងថា អាជីវករឈ្មោះ ផេន សម្បត្តិ ត្រូវបានយកមកអប់រំ ណែនាំនិងធ្វើកិច្ចសន្យានៅអធិការដ្ឋានគរបាលស្រុកសំពៅលូន ដើម្បីបញ្ឈប់មិនឲ្យមានការនាំចូល សាច់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ ដែលខូចគុណភាពពីប្រទេសថៃ មកកម្ពុជាទៀតជាដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយត្រូវបានក្រុមគ្រួសារមកធានាធ្វើកិច្ចសន្យា បើមានថ្ងៃក្រោយឈ្មោះ ផេនសម្បត្តិ នៅតែប្រព្រឹត្ត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ